យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយផ្សេងទៀតលើប្រទេសអ៊ីរ៉ង់តាមបញ្ជារបស់ប្រធានាធិបតី Trump

ចែករំលែក៖

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារតាមអាកាសលើកទីបីលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារលើកប៉ាល់កុងតឺន័រដែលមានទង់ជាតិ Cyprus។

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា យោធាអាមេរិក បានប្រកាសឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារជុំថ្មីទៀតលើប្រទេសអ៉ីរ៉ង់ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានវាយប្រហារកប៉ាល់ដឹកទំនិញមួយគ្រឿងទៀត ដែលធ្វើដំណើរតាមច្រកសមុទ្រ Hormuz។
អរិភាពបានផ្ទុះឡើងវិញក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ រហូតនាំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសបិទបញ្ចប់បទឈប់បាញ់ ដើម្បីផ្អាកសង្រ្គាមដែលទីក្រុងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមជាមួយអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក៏ប៉ុន្តែលោក ត្រាំ បានអះអាងថា លោកនៅទុកទ្វារចំហ សម្រាប់បន្តកិច្ចចរចា។
អ៉ីរ៉ង់បាននិយាយថា ខ្លួនបានសម្រេចបិទច្រកសមុទ្រ Hormuz បន្ទាប់ពីបានបាញ់គ្រាប់ព្រមាន ដែលត្រូវចំកប៉ាល់មួយគ្រឿង ធ្វើដំណើរតាមគន្លងផ្លូវគ្មានការអនុញ្ញាត នៅច្រកសមុទ្រនោះ។ យោធាអាមេរិក បានអះអាងថា កប៉ាល់ខាងលើឈ្មោះ M/V GFS Galaxy ជាកប៉ាល់ដឹកកុងតឺណ័រដោតទង់ជាតិប្រទេសស៉ីប ហើយបានរងការខូចខាតធ្ងន់នៅបន្ទប់ម៉ាស៉ីន ខណៈនាវិកម្នាក់បានបាត់ខ្លួន ក្រោយការបាញ់ប្រហាររបស់អ៉ីរ៉ង់។
ទីក្រុងតេហេរ៉ង់ បានចោទថា មានកប៉ាល់មួយចំនួនបានព្យាយាម បើកឆ្លងច្រកសមុទ្រ Hormuz តាមគន្លងផ្លូវដែលមិនត្រូវបានអនុញ្ញាត ហើយមិនស្តាប់ការព្រមានឱ្យពួកគេផ្លាស់ប្តូរគន្លងផ្លូវវិញ។ IRGC បានប្រកាសថា ច្រកសមុទ្រនេះ ដែលមុនពេលមានសង្រ្គាម ធ្លាប់បម្រើជាច្រកដឹកជញ្ជូនប្រេងនិងឧស្ម័នប្រមាណ២០ភាគរយរបស់ពិភពលោក នឹងត្រូវបិទរហូតទាល់តែលែងមានការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងតំបន់។
យោធាអាមេរិក បានប្រាប់ថា ខ្លួនបានបើកការវាយប្រហារលើអ៉ីរ៉ង់ ប្រហែលជា១ម៉ោង បន្ទាប់ពីការចេញសេចក្តីប្រកាសបិទច្រកសមុទ្រ Hormuz ហើយការវាយប្រហារជុំថ្មីនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ត្រាំ។ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ធ្លាប់បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនទាមទារឱ្យតេហេរ៉ង់ ប្រកាសជាសាធារណៈថា ខ្លួននឹងបញ្ឈប់ការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ហើយគន្លងផ្លូវទាំងអស់ នឹងត្រូវបើកដោយពុំមានការយកថ្លៃសេវាណាមួយឡើយ។ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានចោទអាមេរិកថា បានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយលើកឡើងថា ការគោរពកិច្ចព្រមព្រៀងគឺទាល់តែមានទៅមានមក៕

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print