ស្លាប់ជិត ៥០នាក់និងបាត់ខ្លួនជាច្រើន ដោយគ្រោះទឹកជំនន់ បាក់ដីនៅបង់ក្លាដែស

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា គ្រោះទឹកជំនន់រួមជាមួយហេតុការណ៍រអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៤៤នាក់ នៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ហើយបង្ខំឱ្យជាង១លាននាក់ត្រូវជាប់គាំង ខណៈដែលអាជ្ញាធរកំពុងស្ទុះស្ទានាំយកជំនួយទៅកាន់សហគមន៍រងគ្រោះ។

កាលពីថ្ងៃសៅរ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រកាសថា គ្រោះទឹកជំនន់នៅក្រុងសរុបចំនួន៧ រួមមាន Chattogram, Cox’s Bazar, Bandarban, Rangamati, Khagrachhari, Moulvibazar និង Habiganj បានបង្កការរំខានចំពោះជីវភាពរស់នៅប្រចាំថ្ងៃ កាត់ផ្តាច់ប្រជាជនរាប់ពាន់គ្រួសារ និងធ្វើឱ្យជាប់គាំងអ្នកដែលស្នាក់នៅក្នុងផ្ទះសម្បែងប្រហែល២៦៨០០០ខ្នង។ ខាងកងទ័ពកំពុងដឹកជញ្ជូនជំនួយរួមមានស្បៀងអាហារ ទឹកបរិភោគ ថ្នាំពេទ្យ និងសម្ការចាំបាច់ផ្សេងៗទៀត តាមរយៈទូក ទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់ ស្របពេលអាជ្ញាធរខិតខំបង្កើនកិច្ចប្រឹងប្រែងជួយសង្រ្គោះ។
បង់ក្លាដែសស្ថិតក្នុងចំណោមប្រទេស ដែលងាយរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិ ជាពិសេសអំឡុងរដូវភ្លៀងមូសុង ដែលតែងតែបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដី ឆក់យកជីវិតមនុស្សជាច្រើននាក់ ក្នុងមួយឆ្នាំៗ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា កត្តាប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យបាតុភូតធ្លាក់ភ្លៀងខ្លាំង កាន់តែញឹកញាប់និងធ្ងន់ធ្ងរ៕

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print