ក្រសួងវប្បធម៌ និង UNESCO រៀបចំពិធីអបអរព្រឹត្តិការណ៍ខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់ក្រសួងវប្បធម៌បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Flavio Bonetti ប្រធានការិយាល័យយូណេស្កូភ្នំពេញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរព្រឹត្តិការណ៍ ខួប១ឆ្នាំនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥ – ១១ កក្កដា ២០២៦) ដែលរៀបចំឡើងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ក្នុងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក-សមាជិការអន្តរក្រសួង តំណាងអង្គការយូណេស្កូ ទីភ្នាក់ងារកយកា(KOICA) តំណាងរដ្ឋបាលរាជភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សាច់ញាតិជនរងគ្រោះ និងសិស្ស និស្សិត ប្រមាណជាង ១០០នាក់។

នៅក្នុងពិធីនេះ ក៏មានការសម្ពោធថ្មចារឹកនៃការចុះនិងសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីសមិទ្ធផលការងាររបស់បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងគោលបំណងបង្កើនការអប់រំផ្សព្វផ្សាយអំពីគុណតម្លៃនៃបូជនីយដ្ឋានចងចាំនៃកម្ពុជាដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងភាពចាំបាច់នៃការរួមគ្នាថែរក្សាការពារសន្តិភាពដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទាំងមូល។ ព្រឹត្តិការណ៍នេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា និងជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានថ្លែងអំណរគុណនិងការកោតសរសើរដោយស្មោះជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនៃសារមន្ទីរទួលស្លែង និងមជ្ឈមណ្ឌលជើងឯក ព្រមទាំងអង្គការយូណេស្កូភ្នំពេញ អង្គការ KOICA អង្គការ GIZ-CPS អ្នកជំនាញជាតិ-អន្តរជាតិ និងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដែលបានចូលរួមគាំទ្រចំពោះដំណើរការចុះបញ្ជីនិងទទួលស្គាល់នូវតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំនៃកម្ពុជានេះ ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេសការចងចាំនិងការការពារសន្តិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print