ខេត្តបន្ទាយមានជ័យ៖ ក្តីសង្ឃឹមនិងស្នាមញញឹមបាន វិលត្រឡប់មកលើផ្ទៃមុខរបស់ប្រជាពលរដ្ឋភៀសសឹកដោយសារជម្លោះព្រំដែនជាថ្មីម្តងទៀត ខណៈអាជ្ញាធរ ខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តជម្រុញការបែងចែកលំនៅដ្ឋាន និងរៀបចំប្រព័ន្ធសេវាសាធារណៈយ៉ាងពេញ លេញនៅក្នុង ភូមិរង់ចាំ ដើម្បីធានាថាពួកគាត់អាចកសាងជីវភាពថ្មីមួយប្រកបដោយស្ថិរភាព និងសេចក្តីថ្លៃថ្នូរ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់កាលពី រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ថា ៖ ដំណើរការបែងចែកផ្ទះស្នាក់នៅជូនពលរដ្ឋភៀសសឹកបានឈានចូលដល់ ដំណាក់កាលទី២ហើយ ដោយមានប្រជាពលរដ្ឋចំនួន ៥១៣គ្រួសារបន្ថែមទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក បានចាប់ឆ្នោតទទួលផ្ទះដោយជោគជ័យ។ ការឈានចូលដំណាក់កាលថ្មីនេះ ធ្វើឡើងបន្ទាប់ពីដំណាក់កាលទី១ ដែលមានពលរដ្ឋចំនួន ២.៨០០គ្រួសារ បានចូលរស់នៅតាំងពីខែមីនា ឆ្នាំ២០២៦ និងបានចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិតជាបណ្តើរៗរួចទៅហើយ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិ បាល អាជ្ញាធរបានរៀបចំការចាប់ឆ្នោតជ្រើស រើសផ្ទះស្នាក់នៅជូនពលរដ្ឋភៀសសឹកដោយអំពើឈ្លានពានរបស់ថៃ ធ្វើឡើងដោយតម្លាភាព និងសមធម៌បំផុត។ ក្នុងនោះ មួយគ្រួសារៗទទួល បានផ្ទះស្នាក់នៅផ្ទាល់ខ្លួនចំនួន១ខ្នង (ទំហំ៥ម៉ែត្រ គុណ ៧ម៉ែត្រ) ទំហំដីឡូតិ៍ មានក្បាលដីទូលាយ (ទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ) សម្រាប់បង្កបង្កើនផល ឬពង្រីកជីវភាព។
ភូមិរង់ចាំ មិនមែនគ្រាន់តែជាកន្លែងជ្រកកោនមួយគ្រាឡើយ ប៉ុន្តែត្រូវបានរៀបចំឡើងជាបណ្តុំសហគមន៍រហូតដល់ទៅ ៦ភូមិ (ចាប់ពីភូមិរង់ចាំទី១ ដល់ទី៦) ដើម្បីទទួលបងប្អូនមកពីតំបន់បឹងត្រកួន (ឃុំគោករមៀត ស្រុកថ្មពួក) ភូមិព្រៃចាន់ ភូមិជោគជ័យ (ឃុំអូរបីជាន់ ស្រុកអូរជ្រៅ) និងមួយផ្នែកនៃភូមិបឹងសុក្រម។
ដើម្បីកុំឱ្យការរស់នៅមានការរអាក់រអួល រាជ រដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈយ៉ាងខ្វាត់ខ្វែង រួមមានវិស័យអប់រំ សាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ។ សុខាភិបាល និងសន្តិសុខ មណ្ឌលសុខភាពសម្រាប់ព្យាបាលជំងឺ និងទីស្នាក់ការសន្តិសុខការពារសុវត្ថិភាព២៤ម៉ោង។ សេដ្ឋកិច្ចសហគមន៍ ផ្សារសម្រាប់បងប្អូនប្រកបអាជីវកម្ម និងដោះដូរទំនិញប្រចាំថ្ងៃ។
គិតមកទល់ពេលនេះ ភូមិរង់ចាំ មានផ្ទះស្នាក់នៅបណ្តោះអាសន្នសរុបចំនួន៣.៣ ១៣ខ្នង សម្រាប់ទ្រទ្រង់ប្រជាពលរដ្ឋ ៣.៣ ១៣គ្រួសារ (ស្មើនឹងមនុស្សប្រមាណ១២.៩ ៨០នាក់)។ ក្នុងនោះ ផ្ទះសាងសង់រួចរាល់មានចំនួន២.៨០៥ខ្នង ហើយផ្ទះដែលនៅសេសសល់កំពុងសម្រុកសាងសង់ ឱ្យរួចរាល់ទាំងស្រុងនៅក្នុង ខែកក្កដា ឆ្នាំ២០២៦ នេះ។ ចំពោះគ្រួសារដែលមិនទាន់ទទួលបានផ្ទះ ហើយកំពុងស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិ ឬមិត្តភក្តិ គឺមិនត្រូវបារម្ភឡើយ ព្រោះរាជរដ្ឋា ភិបាលកម្ពុជាកំពុងបន្តសាងសង់ជម្រកបន្ថែមយ៉ាងសកម្ម ដើម្បីដោះស្រាយការលំបាកជូនបងប្អូនទាំងអស់គ្នា។
ខណៈពេលដែលប្រជាពលរដ្ឋកំពុងទទួលបានការមើលថែ និងផ្តល់ជម្រកប្រកបដោយភាពកក់ ក្តៅនៅទីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ដើម្បីធានាស្ថិរភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញដោយសុវត្ថិភាពនៅថ្ងៃខាងមុខ៕
ដោយ៖ សំរិត










