អឺរ៉ុប៖ បើយោងតាមទិន្នន័យចេញផ្សាយដោយបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក (EuroMOMO) បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបមានមនុស្សស្លាប់លើសពី ១០ ០០០នាក់ អំឡុងពេលរលកកម្តៅដ៏ខ្លាំងបំផុតបានវាយប្រហារភាគខាងលិចនៃទ្វីបអឺរ៉ុបនៅចុងខែមិថុនា ក្នុងនោះជាង ៩ ០០០នាក់នៃអ្នកស្លាប់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុ ៦៥ឆ្នាំឡើង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា កម្តៅខ្លាំងអាចសម្លាប់មនុស្ស តាមរយៈបង្កឱ្យដាច់សរសៃឈាមខួរក្បាល ឬជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ ក្នុងនោះមនុស្សចាស់ងាយរងគ្រោះបំផុត។
រលកកម្តៅនៅអឺរ៉ុប។
ជាក់ស្ដែងយោងតាមអត្រាមរណភាពរួមបញ្ចូលគ្នារបស់ប្រទេសនៅអឺរ៉ុបក្នុងរយៈពេល ៨សប្តាហ៍មុន ជាមធ្យមមានមនុស្សជិត ៥០០នាក់ស្លាប់ក្នុងមួយសប្តាហ៍។ មិនតែប៉ុណ្ណោះ រលកកម្ដៅខ្លាំងនៅចុងខែមិថុនាបានរំខានដល់ការផ្គត់ផ្គង់ថាមពល បិទសាលារៀន និងបំបែកកំណត់ត្រាសីតុណ្ហភាពនៅប្រទេសបារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។
ប៉ុន្តែទិន្នន័យ EuroMOMO មិនបានផ្សាយពីអត្រាមរណភាពលើសសម្រាប់ប្រទេសនីមួយៗទេ ប៉ុន្តែកត់សម្គាល់ថា ប្រទេសបារាំង និងបែលហ្ស៊ិកមានត្រាអត្រាមរណភាពលើសខ្ពស់ខ្លាំង នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា។
ជាមួយគ្នានេះ បើយោងតាមវិទ្យាស្ថានសុខភាពសាធារណៈ Sciensano អត្រាមរណភាពលើសរបស់ប្រទេសបែលហ្ស៊ិកគឺខ្ពស់បំផុត អំឡុងពេលរលកកម្ដៅដែលកំពុងមានបច្ចុប្បន្ន ចាប់តាំងពីឆ្នាំ ២០០០ ។
ការសិក្សាដាច់ដោយឡែកមួយ ចេញផ្សាយនៅថ្ងៃចន្ទនេះ ក៏បានប៉ាន់ប្រមាណថាមនុស្សចំនួន ២ ៧០០នាក់ស្លាប់ ទាក់ទងនឹងកម្តៅក្នុងប្រទេសអង់គ្លេស និងតំបន់ Wales អំឡុងរលកកម្តៅនាខែឧសភា និងខែមិថុនា៕ដោយ៖តារា
រូបភាព៖ France 24










