កូរ៉េខាងត្បូងបានចេញការព្រមានអំពីរលកកម្ដៅបន្ទាន់លើកដំបូងរបស់ខ្លួនក្រោមប្រព័ន្ធថ្មីមួយ ដោយណែនាំប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ឱ្យផ្អាកសកម្មភាពក្រៅផ្ទះជាបណ្ដោះអាសន្ន និងការពារខ្លួនជាមុនពីការឡើងកម្ដៅខ្លាំង។
រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសនៅថ្ងៃទី១២ ខែកក្កដាថា ការព្រមាននេះត្រូវបានចេញនៅម៉ោង ១០ ព្រឹកសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ខាងជើងនៅភាគខាងត្បូងនៃប្រទេស។ នេះជាលើកដំបូងដែលកម្រិតនៃការព្រមាននេះត្រូវបានធ្វើឱ្យសកម្មចាប់តាំងពីប្រព័ន្ធថ្មីចូលជាធរមាននៅឆ្នាំនេះ។
លោក Lee Mi-seon នាយក KMA បានណែនាំអ្នកដែលនៅខាងក្រៅឱ្យឈប់ភ្លាមៗ ហើយស្វែងរកម្លប់។ មន្ត្រីរូបនោះក៏បានសង្កត់ធ្ងន់ផងដែរថា គ្មាននរណាម្នាក់ រួមទាំងកុមារ ឬសត្វចិញ្ចឹម គួរតែស្នាក់នៅក្នុងយានយន្តនោះទេ។
លោក Lee បាននិយាយថា “ការព្រមានអំពីកម្ដៅបន្ទាន់មិនមែនគ្រាន់តែមានន័យថាអាកាសធាតុក្តៅខ្លាំងនោះទេ។ វាបង្ហាញពីស្ថានភាពអាកាសធាតុដែលសូម្បីតែមនុស្សដែលមានសុខភាពល្អក៏ប្រឈមមុខនឹងហានិភ័យខ្ពស់នៃគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ រួមទាំងជំងឺ និងការស្លាប់ដែលទាក់ទងនឹងកម្ដៅ”។
យោងតាម KMA ការព្រមានបន្ទាន់ត្រូវបានចេញនៅពេលដែលតំបន់មួយកំពុងជួបប្រទះនឹងរលកកំដៅ ហើយត្រូវបានគេព្យាករណ៍ថានឹងកត់ត្រាសីតុណ្ហភាពជាក់ស្តែងដល់ទៅ 38°C – 39°C ៕

រូបថត:AFP









