ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចផ្ទះមួយក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។
តាមសមត្ថកិច្ច ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជា វុទ្ធី ហៅ អាភឿក ហៅ ទ្រី កក្កដា អាយុ ៣៧ឆ្នាំ ហើយពេលឃាត់ខ្លួន តេស្តឃើញមានផ្ទុកសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង និងឧបករណ៍សម្រាប់កាច់សោម៉ូតូមួយចំនួន ជាវត្ថុតាង។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពចូលប៉ុនប៉ងកាច់សោម៉ូតូរបស់ជនរងគ្រោះ ប៉ុន្តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ ស្រែកឆោឡោ និងដេញចាប់បាន ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេច៕
ដោយ៖ សុរិយា










