រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពបន្ថែម រាជរដ្ឋាភិបាលមួយរូប និងបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដែលមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្នុងតំបន់និងសកលលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៥ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១រូប និងការពិភាក្សា អនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការងារច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្នុងតំបន់និងសកលលោក ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល យានយន្ត និងសំណង់។

ជាលទ្ធផល សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

ចំណែកសេចក្តីព្រាងច្បាប់ទាំងបួនដែលរដ្ឋសភាបានអនុម័តរួមមាន៖
១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានសារសំខាន់ក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រទាំងផ្លូវច្បាប់ និងសេដ្ឋកិច្ច។ ខាងសេដ្ឋកិច្ចមានដូចជា ចូលរួមកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេស ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកគ្រប់គ្រងគណៈកម្មការ និងក្រុមការងារអាស៊ានទាំងអស់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរក្សាគោលជំហររបស់ខ្លួន ក្នុងការរៀបចំកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកផលិតផល ឬសេវាកម្ម ដែលនឹងត្រូវធ្វើពាណិជ្ជកម្មក្នុងទីផ្សារអាស៊ាននិងផ្តល់ជាមូលដ្ឋាន និងជាបន្ទាត់ដល់គ្រប់ផលិតកម្ម អាជីវកម្ម ធ្វើការកែលម្អប្រព័ន្ធផលិតកម្មរបស់ខ្លួនសម្រាប់ធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលជាមូលដ្ឋានរបស់កម្ពុជាក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។
សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា នឹងផ្តល់នូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់កម្ពុជា ដូចជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលផ្នែកសម្ភារៈអគារសំណង់នៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។

៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានអត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលយានយន្តរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print