នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយនឹងឯកឧត្តមសារជាថ្មី មុននឹងឯកឧត្តមចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីផុតអាណត្តិ ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចតេជោបានវាយតម្លៃ ខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលកន្លងមក ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់កាន់តែមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា រយៈពេល ៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមនៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយលឿនខ្លាំងណាស់។ ហើយក្នុងរយៈពេល ៤ឆ្នាំនេះ ឯកឧត្តមបានធ្វើកិច្ចការងារជាមួយនឹងភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមបានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងឯកឧត្តម និងក្រុមការងារក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលដែលឯកឧត្តមបំពេញការងារនៅកម្ពុជា ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។ កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេសឯកឧត្តមបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។សម្ដេចតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលបានបញ្ចប់បេសកកម្មនៅកម្ពុជា សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារបន្ត៕











