នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាចដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ករណីជួញដូរ និងប្រើប្រាស់ ដោយខុស ច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

 

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្រី ០២នាក់ ១-ឈ្មោះ សាវឿន មេត្តា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ ហួត មករា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ៣-ឈ្មោះ សែន បូធិន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៤-ឈ្មោះ ជា វឌ្ឍនា ហៅ រ័ត្ន ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ១,០០ក្រាម, ដកទឹកសង្ស័យមានសារធាតុញៀនចំនួន ០១ដប, បារីអេឡិចត្រូនិចចំនួន ០១ និងក្បាល ០៣, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, នាឡិកាដៃចំនួន ០២គ្រឿង, Speaker JBL BoomBox ចំនួន ០១, លោហៈធាតុពណ៌លឿង (ខ្សែក ០១ខ្សែ និងខ្សែដៃ ០១ខ្សែ), ខ្សែអង្កាំដៃចំនួន ០២ខ្សែ និងម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA Scoopy ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ បាត់ដំបង 1AR-6528។

 

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពី ឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៨:៣០នាទី នៅចំណុចភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យ ឈ្មោះ ឃុន ច័ន្ទរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនអ៊ុចស្តាស៊ី (MDMA) ចំនួន ០១កញ្ចប់ ទម្ងន់ ៥,៥៩ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ផ្ទៃមេឃ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI-7388។

 

សរុប៖ ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ១,០០ក្រាម និងថ្នាំញៀនអ៊ុចស្តាស៊ី (MDMA) ចំនួន ០១កញ្ចប់ ទម្ងន់ ៥,៥៩ក្រាម (ថ្លឹងទាំងសំបក)។

 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print