សារព័ត៌មាន Reuters បានផ្សាយថា មកដល់ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅ បានកើនឡើង ២ភាគរយទៀត ខណៈដែលសហរដ្ឋអាមេរិក ដាក់ការបិទខ្ទប់ផ្លូវទឹករបស់អ៉ីរ៉ង់ឡើងវិញ ចំពោះមុខការបង្កើនការវាយប្រហារដោយប្រទេសទាំងពីរ នៅឯច្រកសមុទ្រ Hormuz ធ្វើឱ្យលំហូរថាមពលជួបប្រទះនឹងភាពមិនច្បាស់លាស់សារជាថ្មី។
ប្រេងឆៅប្រភេទ Brent មានតម្លៃជិត ៨៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២ភាគរយ គិតត្រឹមវគ្គជួញដូរពេលព្រឹក។ រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃជិត ៨០ដុល្លារក្នុងមួយបារ៉ែល កើនឡើងជាង ២ភាគរយ។ វាជាការវិលមករកតម្លៃខ្ពស់វិញ ចាប់តាំងពីអាមេរិក និងអ៉ីរ៉ង់ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
ក្រសួងការពារជាតិអេមីរ៉ាត់អារ៉ាប់រួម (UAE) បានឱ្យដឹងកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងពីរគ្រឿងរបស់ខ្លួន ត្រូវមីស៉ីលកំណត់គោលដៅ ២គ្រាប់របស់អ៉ីរ៉ង់ បាញ់ចំ នៅតាមផ្លូវទឹកភាគខាងត្បូងច្រកសមុទ្រ Hormuz ក្នុងដែនទឹកអូម៉ង់ ដោយសម្លាប់សមាជិកនាវិកជនជាតិឥណ្ឌាម្នាក់ និង ៨នាក់ផ្សេងទៀតរងរបួស។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក បានដាក់ចេញនូវការបិទផ្លូវដឹកជញ្ជូនរបស់អ៉ីរ៉ង់ឡើងវិញ ដោយបន្ថែមថា លោកចង់ឱ្យអាមេរិក ទទួលបានការបង់ថ្លៃការពារ ខណៈកំពុងជួយការពារនៅច្រកសមុទ្រ Hormuz។ អ្នកវិភាគទីផ្សារនិយាយថា ការកើនឡើងនៃភាពតានតឹងថ្មីចុងក្រោយនេះ ច្បាស់ណាស់បានចាក់បញ្ចូលហានិភ័យទៅក្នុងទីផ្សារប្រេង៕









