ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានអះអាងថា នាងត្រូវបានមិត្តភក្តិច្រានទម្លាក់ពីលើម៉ូតូកង់បី ខណៈជិះចេញពីក្លឹបបណ្តាលឲ្យរងរបួសបែកក្បាល ហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវឌួង ងៀប ដែលស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការអះអាងរបស់នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងរួមជាមួយមិត្តភក្តិបាននាំគ្នាចូលទៅរាំលេងសប្បាយនៅក្នុងក្លឹបមួយកន្លែង ហើយក្រោយមកក៏បាននាំគ្នាចេញមកវិញដោយជិះម៉ូតូកង់បី លុះជិះមកដល់ចំណុចកើតហេតុក៏ត្រូវមិត្តភក្តិច្រានទម្លាក់ធ្លាក់ពីលើម៉ូតូកង់បីបណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចពេញខ្លួនតែម្តង ហើយពួកគេបានជិះម៉ូតូកង់បីគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ និងកំពុងស្រាវជ្រាវរកជនបង្កហេតុ៕
ដោយ៖សីហា សែនសុខ









