សេអ៊ូល, កូរ៉េ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO Mushroom នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។
ក្នុងឱកាសនោះ លោក Karl Gonzalez Kim បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា ព្រោះប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិដទៃទៀត។
បន្ថែមពីនេះ លោកបបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ហើយបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្រប។
សូមជម្រាបជូនថា ក្រុមហ៊ុន CHEONGDO Mushroom បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការដាំដុះផ្សិត និងជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ និងមានជំនាញបច្ចេកទេសក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។
បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចំនួន ៩កន្លែង នៅសាធារណរដ្ឋកូរ៉េ និងមានរោងចក្រ ព្រមទាំងប្រតិបត្តិការនៅបរទេស ដូចជា៖ សហព័ន្ធអាល្លឺម៉ង់ ព្រះរាជាណាចក្រហូឡង់ ចក្រភពអង់គ្លេស សហព័ន្ធអូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕
ដោយ៖តារា










