ទីក្រុងសៀងហៃ, ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំឡើងដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងភរិយា ក្នុងពិធីនេះរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។
ពិធីនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសនានា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកលជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference ឬ WAIC) គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងសំខាន់បំផុតមួយ ដែលផ្តោតលើការរីកចម្រើន បច្ចេកវិទ្យា និងនិន្នាការចុងក្រោយបំផុតនៃបញ្ញាសិប្បនិម្មិត (AI) នៅលើពិភពលោក។
ព្រឹត្តិការណ៍នេះ តែងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសនានាលើពិភពលោក អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រល្បីៗ ដើម្បីចែករំលែកការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងទស្សនវិស័យអនាគតនៃបច្ចេកវិទ្យា AI។ បន្ថែមពីលើនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ក៏នឹងយកឱកាសនេះដាក់បង្ហាញ និងដាក់តាំងពិព័រណ៍នូវផលិតផល ឧបករណ៍ ព្រមទាំងដំណោះស្រាយ AI ថ្មីៗបំផុតរបស់ពួកគេ។
ថ្នាក់ដឹកនាំ និងអ្នកកំណត់គោលនយោបាយ គោលនយោបាយជាច្រើន នឹងពិភាក្សាអំពីអភិបាលកិច្ច សីលធម៌ និងការប្រើប្រាស់ AI ឱ្យមានសុវត្ថិភាព និងទំនួលខុសត្រូវ។
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងនៅទីក្រុងស៊ាងហៃ (Shanghai) ប្រទេសចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។
សន្និសីទនេះ ធ្វើឡើងដើម្បីកសាងវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរគំនិតកម្រិតខ្ពស់មួយនៅលើពិភពលោក ក្នុងគោលបំណងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI ឱ្យមានការរួមបញ្ចូលគ្នាជាមួយសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានាដែលកើតចេញពីការប្រើប្រាស់ AI។
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក បានក្លាយជាស្ពានចម្លងដ៏សំខាន់មួយក្នុងការតភ្ជាប់អ្នកវិទ្យាសាស្ត្រ សហគ្រិន និងអ្នកនយោបាយមកពីគ្រប់ទិសទី ដើម្បីរួមគ្នាកំណត់ទិសដៅអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សន្និសីទឆ្នាំ២០២៦នេះ ត្រូវបានគេរំពឹងថា មានអ្នកចូលរួមសរុបជាង ៣៥០,០០០នាក់ ព្រមទាំងមានក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ជាង ១,១០០ក្រុមហ៊ុន ដែលបង្ហាញពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះ ក្នុងនាមជាវេទិកាសម្រាប់ផ្លាស់ប្តូរគំនិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ AI៕ដោយ៖តារា










