ខេត្តរតនគិរី ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តរតនគិរី។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ណាប់ ប៊ុងហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការចំណុះសាលាខេត្តរតនគិរី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិជាប់ព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងសិស្សនិស្សិត សរុបចំនួន ៣២១ នាក់។
ជាកិច្ចចាប់ផ្តើមនៃអង្គសិក្ខាសាលា បន្ទាប់ពីមតិស្វាគមន៍ប្រកបដោយអត្ថន័យរបស់ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីរួចមក ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញថ្លែងសុន្ទរកថាប្រកាសបើកសិក្ខាសាលា ព្រមទាំងធ្វើបាឋកថាយ៉ាងក្បោះក្បាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» ជូនអង្គសិក្ខាសាលាទាំងមូល។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងដ៏សំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាពច្បាប់អន្តរជាតិ បច្ចេកទេសកិច្ចការព្រំដែន ទិដ្ឋភាពប្រវត្តិសាស្ត្រទឹកដី និងយុទ្ធសាស្រ្តការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកកម្ពុជា សំដៅរួមគ្នាទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានមិនពិត ការញុះញង់ ឬការបំភ្លៃការពិតពីសំណាក់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច ព្រមទាំងចូលរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
នៅក្នុងស្មារតីនេះ លោករដ្ឋមន្ត្រីបានរំលេចថា កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។
អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាការពារនុវសមិទ្ធផលជាប្រវត្តិសាស្រ្តពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យសិរីមង្គលជូនដល់អង្គសិក្ខាសាលាទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព ៖ (AKP)










