អាវលេខ ១០ ដែលវីរបុរសបាល់ទាត់ប្រេស៊ីល Pele ពាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ១៩៥៨ និងរកបាន ២គ្រាប់ ត្រូវបានលក់ក្នុងការដេញថ្លៃក្នុងតម្លៃ ៤,៩ លានដុល្លារអាមេរិក នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនដេញថ្លៃ Sotheby’s កាលពីថ្ងៃព្រហស្បតិ៍។
អាវដ៏មានតម្លៃនេះ គឺជាអាវដែល Pele វ័យត្រឹម ១៧ ឆ្នាំ ពាក់ ខណៈដែលក្រុមជម្រើសជាតិប្រេស៊ីលយកឈ្នះម្ចាស់ផ្ទះ ស៊ុយអែត ៥-២ នៅទីក្រុង Stockholm ដើម្បីលើកពាន World Cup លើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ក្រុមហ៊ុន Sotheby’s បានបញ្ជាក់ថា ការដេញថ្លៃមានការដាក់សំណើចំនួន ១០ លើក ពីអ្នកដេញថ្លៃច្រើនជាង ៥ នាក់។
ការលក់នេះបានធ្វើឱ្យអាវរបស់ Pele ក្លាយជា វត្ថុអនុស្សាវរីយ៍ដែលមានតម្លៃខ្ពស់បំផុត ដែលទាក់ទងនឹងរូបលោក និងជា អាវបាល់ទាត់មានតម្លៃថ្លៃបំផុតលំដាប់ទី២ ដែលធ្លាប់ត្រូវបានដេញថ្លៃ។
កំណត់ត្រាអាវមានតម្លៃថ្លៃបំផុតនៅតែជារបស់ Diego Maradona ដែលត្រូវបានលក់ក្នុងតម្លៃ ៩,៣ លានដុល្លារ កាលពីឆ្នាំ២០២២។ អាវនោះគឺជាអាវដែល Maradona ពាក់ក្នុងការប្រកួត World Cup ឆ្នាំ១៩៨៦ ទល់នឹងអង់គ្លេស ដែលលោកស៊ុតបានគ្រាប់បាល់ដៃព្រះដ៏ល្បី “Hand of God”។
Pele ដែលបានទទួលមរណភាពនៅឆ្នាំ២០២២ ក្នុងវ័យ ៨២ ឆ្នាំ នៅតែរក្សាកំណត់ត្រាជា កីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់បានក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup។
គួរបញ្ជាក់ថា អាវដដែលនេះធ្លាប់ត្រូវបានដេញថ្លៃម្ដងរួចមកហើយក្នុងឆ្នាំ២០០៤ ក្នុងតម្លៃ ៧០.៥០៥ ផោនអង់គ្លេស (ប្រហែល ១០៥.៦០០ ដុល្លារ) ប៉ុណ្ណោះ ខណៈបច្ចុប្បន្នតម្លៃរបស់វាបានកើនឡើងយ៉ាងខ្លាំង៕










