អាមេរិក បន្តវាយប្រហារ លើអាកាសយានដ្ឋាន និងស្ថានីយផ្លូវដែករបស់អ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្លាក់ត្រូវចំអាកាសយានដ្ឋាន ស្ថានីយផ្លូវដែកមួយកន្លែងក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពាន២កន្លែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz។

តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRIB ស្នូរផ្ទុះចំនួន៣លើកបានកើតឡើងនៅអាកាសយានដ្ឋាន ហើយយ៉ាងហោចមានមីស៊ីលមួយគ្រាប់របស់សហរដ្ឋអាមេរិកបានធ្លាក់ត្រូវចំអាកាសយានដ្ឋាន Iranshahr ស្ថិតនៅភាគអាគ្នេយ៍។ សារព័ត៌មានអ៉ីរ៉ង់ Mehr បានឱ្យដឹងទៀតថាប៉ុន្មាននាទីក្រោយមក ស្ថានីយរថភ្លើង Bandar Abbas បានរងការវាយប្រហារដោយបណ្ដាលមនុស្ស ២នាក់រងរបួស។ ចំណែក សារព័ត៌មាន IRNA វិញបានរាយការណ៍ថា ស្ពាន២កន្លែងក្នុងខេត្ត Hormozgan រងការវាយប្រហារតាមផ្លូវអាកាស ហើយមនុស្ស២នាក់បានស្លាប់ និង៤នាក់រងរបួស។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបង្កើនការវាយប្រហារសងសឹកដាក់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលយោធាអាមេរិកអះអាងថាខ្លួនបើកការវាយប្រហារ៦យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពយោធាអ៉ីរ៉ង់។ ជាការសងសឹក អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសក្បែរខាង ក្នុងនោះរួមមានទាំងការពង្រីកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលអ៉ីរ៉ង់អះអាងថាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើមន្ទីរពេទ្យព្យាបាលជំងឺមហារីកសម្រាប់កុមារអ៉ីរ៉ង់មួយកន្លែងកាលពីយប់ថ្ងៃពុធកន្លងទៅ។
អ៉ីរ៉ង់បានបិទការធ្វើចរាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិកអនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់កាលពីថ្ងៃពុធ។ អ៉ីរ៉ង់ក៏បានឱ្យសញ្ញាដែរថាខ្លួនអាចនឹងរួមដៃគ្នាជាមួយក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន ដើម្បីបិទច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយទៀត ក្នុងតំបន់សមុទ្រក្រហម៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print