ឆមាសទី១ ឆ្នាំនេះ!«កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គាំទ្រគម្រោងវិនិយោគ ៤៩០ គម្រោង មានដើមទុនជាង ៨,៤ប៊ីលានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ​ បន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយបានផ្តល់ការលើកទឹកចិត្តពិសេសដល់​គម្រោងវិនិយោគសរុបប្រមាណ ៤៩០គម្រោង ដែលមានទុនវិនិយោគសរុប ៨,៤ប៊ីលានដុល្លារអាមេរិក កើនឡើង ៧៩គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥០លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ នេះគឺបានឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់របស់លោក​ ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា​ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» ក្នុងគោលដៅទាក់ទាញការបណ្ដាក់ទុនវិនិយោគ, បង្កើតការងារ, និងជំរុញសកម្មភាពសេដ្ឋកិច្ច។ កម្មវិធីនេះត្រូវបានអនុវត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ផ្តោតលើការដោះស្រាយបញ្ហាអគារជាប់គាំង និងផ្តល់ការលើកទឹកចិត្តពិសេសៗដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក​។

លោកអភិបាលរងរូបនេះ​ បានឱ្យដឹងទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» មានគម្រោងវិនិយោគសរុបចំនួន​ ៤៩១ គម្រោង​ មានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន​ ៨ ៤២៥ លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧៩ គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥៤លានដុល្លារអាមេរិក បើធៀនឹងឆ្នាំ២០២៥ ដែលមាន​គម្រោងវិនិយោគចំនួន ៤១២ គម្រោង និងមានទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។

បន្ថែមពីនេះ​ លោក​ ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា៖​ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» ​គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​ដោះស្រាយបញ្ហាជាច្រើន​តាមរយៈ​ការ​លើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេស​និងក្នុងស្រុក ដើម្បី​បង្កើនទំនុកចិត្ត​មកលើយន្តការសម្របសម្រួល​ និង​ថែទាំអ្នកវិនិយោគរបស់រាជរដ្ឋាភិបាលនាពេលនេះ។

...

ដោយសារ​លទ្ធផលសម្រេចបានជាទីមោទនៈ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេស​រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print