ភ្នំពេញ ៖ ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ ប្រជាមានិតចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចំនួន ១៩ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រួមមាន ៖
1-ក្រុមហ៊ុន China Railway Construction Corporation (CRCC) 2-ក្រុមហ៊ុន China Energy International
3-ក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC)
4-ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
5-ក្រុមហ៊ុន Beijing Star Al Co., Ltd. និងក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ជាអាទិ៍។ ក្នុងបណ្តាក្រុមហ៊ុនទាំងនេះ មានការវិនិយោគ ទៅលើវិស័យសំខាន់ៗជាច្រើន ដូចជា ការផលិតអាលុយមីញ៉ូម សំណង់និងវិស្វកម្ម ថាមពលនិងការកសាងហេដ្ឋារចនា សម្ព័ន្ធ ពាណិជ្ជកម្ម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងគ្រឿងអេឡិចត្រូនិក កសិ-ឧស្សាហកម្ម អប់រំ បច្ចេកវិទ្យាឌីជីថល សម្ភារៈអនាម័យនិងវាយនភណ្ឌ ការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ការផលិតយន្តហោះពាណិជ្ជកម្ម អចលន ទ្រព្យ បច្ចេកវិទ្យាទូរគមនាគមន៍ ឧស្សាហកម្មផលិតនាវានិងភស្តុភារកម្ម និងសេវាកម្មដឹកជញ្ជូននិងឡូជីស្លឹក ជាដើម។
បណ្តាក្រុមហ៊ុនទាំងនេះ បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយ ភាពវាងវៃរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។
ក្នុងនោះ ក្រុមហ៊ុនថ្មីៗជាច្រើនមានបំណងមកវិនិយោគលើវិស័យរបស់ខ្លួននៅកម្ពុជា ជាមួយគ្នានេះ បណ្តាក្រុមហ៊ុន ដែលកំពុងវិនិយោគស្រាប់ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យ របស់ខ្លួននៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្ម របស់បណ្តាក្រុមហ៊ុនទាំងនេះ និងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនដែលបានជឿជាក់ និងបោះទុនវិនិយោគ នៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរក កាលានុវត្តភាពវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែ ស្វាគមន៍ និងត្រៀមខ្លួនផ្តល់ការគាំទ្រជានិច្ច ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។ បន្ថែមពីនេះ សម្តេចធិបតី ក៏បានលើក ទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសនិងប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះ ឱ្យលេចចេញ ជាផ្លែផ្កា នាពេលអនាគត។
ដំណើរបំពេញទស្សនកិច្ចការងាររបស់ សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ គឺជា បេសកកម្មការទូតដ៏មានសារៈសំខាន់មួយទៀត ដែលនាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិនិង ប្រជាជនកម្ពុជា។ នៅលើវិស័យនយោបាយការទូត កម្ពុជា-ចិនបានបង្ហាញច្បាស់ពីចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដែលកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ រីឯការទូត សេដ្ឋកិច្ចវិញ ក្នុងរយៈពេលយ៉ាងខ្លី សម្តេចធិបតី បានទទួលជួបតំណាងក្រុមហ៊ុនធំៗដល់ទៅ ១៩ក្រុមហ៊ុន ហើយ ក្រុមហ៊ុនទាំងនោះសុទ្ធតែបានសម្តែងការចាប់អារម្មណ៍មកវិនិយោគ ឬពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ទាំងនេះគឺជាសមិទ្ធផលដ៏ធំធេងដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអភិក្រមនៃនយោបាយការទូត «ពង្រឹង មិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី-និង-ការទូតសេដ្ឋកិច្ច»។លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនដែលភ្លេចឡើយ អភិក្រមដ៏សំខាន់មួយទៀតគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា











