ខេត្តកំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មសំព្រោជមានជ័យ នៅឃុំសំព្រោជ ស្រុកស្ទោង។ ដំណើរចុះបំពេញបេសកកម្មការងារនេះ មានការចូលរួមអមដំណើរពីសំណាក់លោករដ្ឋមន្រ្តី ថោ ជេដ្ឋា, លោក ប៉ែន ធីរុង្គ ប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ, ធនាគារសហគ្រាសធុនតូចនិងមធ្យម, សហគ្រិនខ្មែរ និងតំណាងដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាសមាជិកសហគមន៍ជាច្រើនរូប។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ គឺម្ខាងខិតខំជំរុញការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ចាប់ពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋានភូមិ ឃុំ ទាំងអស់ និងម្ខាងទៀតធានាថា រាល់ការអភិវឌ្ឍ ត្រូវតែផ្តល់ផលទៅដល់ការលើកកម្ពស់ជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ការអភិវឌ្ឍនៅទីកន្លែងណាក៏ដោយ គឺសំខាន់សំដៅដល់ប្រជាជនជាស្នូល ពោលគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពធូរធារ, មានការងារធ្វើ, មានមុខរបរ, មានប្រាក់ចំណូល, មានផ្ទះសម្បែងសមរម្យ, មានបាយហូបគ្រប់គ្រាន់, ទទួលបានការព្យាបាលសុខភាព ហើយកូនៗរបស់ពួកគាត់ទទួលបានការអប់រំប្រកបដោយគុណភាព និងមិនមានបន្ទុកបំណុលវ័ណ្ឌក ព្រមទាំងទទួលបាននូវសេវាសាធារណៈគ្រប់ប្រភេទដែលជាភារកិច្ចរបស់រដ្ឋត្រូវផ្តល់ជូនពួកគាត់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ប៉ែន ធីរុង្គ ប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងរបាយការណ៍របស់លោកស្រីប្រធានសហគមន៍រួចមក, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសហគមន៍កសិកម្មសំព្រោជមានជ័យ ដែលមានថ្នាក់ដឹកនាំ និងសមាជិកភាគច្រើនជាស្ដ្រី ហើយមានការប្ដេជ្ញាចិត្តខ្ពស់ ពិសេសការសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងធនធានទឹកនិងឧតុនិយម ក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ រដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈបានយ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានទាក់ទាញគម្រោងវិនិយោគធំៗមកខេត្តកំពង់ធំ ទាំងគម្រោងជាវិនិយោគសាធារណៈ និងគម្រោងវិនិយោគឯកជន ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា រួមមាន ADB, អង្គការ HEIFER, អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (CoDeC), គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS), អង្គការ World Vision និងអង្គការក្ដីសង្ឃឹមលូថេរ៉ានកម្ពុជា ជាពិសេសក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងសហគ្រិនខ្មែរ (KE) ដែលបានចូលរួមឧបត្ថម្ភគាំទ្រសហគមន៍កសិកម្មសំព្រោជមានជ័យ។
ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលបងប្អូនប្រជាសហគមន៍បានលើកឡើង, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្រេចផ្តល់នូវដំណោះស្រាយភ្លាមៗនៅនឹងកន្លែង ដោយបានទទួលយក និងផ្តល់ការគាំទ្រលើការងារសំខាន់ៗដូចជា ទី១. ការជួយស្ថាបនាកំណាត់ផ្លូវប្រវែង ៨០០ម៉ែត្រ បន្ថែមពីកំណាត់ផ្លូវដែលទើបសាងសង់ប្រវែង១១០០ម៉ែត្រ ទី២. ការសាងសង់អគារការិយាល័យសម្រាប់សហគមន៍កសិកម្មសំព្រោជមានជ័យ ទី៣.ផ្ដល់ម៉ាស៊ីន២គ្រឿងសម្រាប់ធ្វើជីកំប៉ុស ទី៤. ការជួយជីកពង្រីកនិងកែលម្អ ស្រះទឹកក្នុងសហគមន៍ឱ្យបានស្អាតល្អនិងអាចបម្រើដល់សកម្មភាពផលិតបានគ្រប់គ្រាន់ និងទី៥. ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងជំនាញពាក់ព័ន្ធបន្ថែម និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ ការប្រកាសផ្តល់នូវដំណោះស្រាយជាក់ស្តែងតបតាមសំណូមពររបស់សហគមន៍ បានធ្វើឱ្យបងប្អូនប្រជាសហគមន៍មានភាពរីករាយ ពេញចិត្ត និងទទួលបាននូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះមុខរបររបស់ខ្លួន។
ទន្ទឹមនឹងការផ្តល់ជំនួយ និងដំណោះស្រាយទាំងនេះ លោក វង្សី វិស្សុត បានផ្តល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃដល់បងប្អូនសហគមន៍ទាំងមូល នូវទស្សនវិជ្ជាសំខាន់នៃការចុះជួយរបស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន គឺ «ជួយប្រជាជនឱ្យចេះរកត្រី មិនមែនមកផ្តល់ត្រីឱ្យនោះទេ» ហើយជោគជ័យនៃបេសកកម្មរបស់ក្រុមការងារ គឺនៅពេលណាដែលបងប្អូនឈប់ត្រូវការជំនួយពីនរណាទាំងអស់ ពោលគឺអាចរស់ដោយខ្លួនឯងបាន អាចពឹងខ្លួនឯងបាន និងអាចរីកចម្រើនដោយខ្លួនឯងបាន តាមរយៈការពង្រឹងភាពជាម្ចាស់ និងសមត្ថភាពខ្លួនឯងឱ្យបានរឹងមាំជាប់ជាប្រចាំ។ ទន្ទឹមនេះ ដើម្បីឱ្យសហគមន៍អាចរីកចម្រើនធំធាត់ និងអាចរស់បានដោយខ្លួនឯងនាពេលអនាគត ទាមទារឱ្យសហគមន៍ត្រូវពង្រឹងការដឹកនាំ, ការគ្រប់គ្រង, ការប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ, មានសាមគ្គីភាពល្អ, ចេះយោគយល់គ្នា, មានវិន័យ, ភាពស្មោះត្រង់, ឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវ ព្រមទាំងមានការចូលរួម ដោយរួមទាំងការចូលរួមជាទុនបដិភាគ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំនិងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារចុះមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រដល់សហគមន៍ឱ្យទទួលបានជោគជ័យ ហើយជះផលទៅដល់ការលើកកម្ពស់ជីវភាពបងប្អូននៅក្នុងសហគមន៍ ក៏ដូចជាប្រជាជននៅមូលដ្ឋានឃុំទាំងមូល ឱ្យកាន់តែមានភាពធូរធារប្រសើរឡើង។
គួរបញ្ជាក់ដែរថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន ៧៥ នៅក្នុងបណ្តាស្រុក ក្រុងទាំង៩ នៃខេត្តកំពង់ធំ និងមានថវិកាសរុបប្រមាណជាង ៤៣ ម៉ឺនដុល្លារអាម៉េរិក ដែលគាំទ្រដោយឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន ដោយក្នុងនោះ ថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ចំនួន ២០ម៉ឺនដុល្លារអាម៉េរិក។ គិតមកដល់ពេលនេះ គឺបានចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយ ២២សហគមន៍កសិកម្ម និង ២ក្រុមផលិត គិតជាទឹកប្រាក់ប្រមាណជិត ២០ម៉ឺនដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលដៅជំរុញការធ្វើពិពិធកម្ម និងលើកកម្ពស់សមត្ថភាពផលិតកម្មកសិកម្មខ្នាតតូច ដែលហុចផលរហ័ស និងត្រូវការទុនតិច ដោយមិនមែនជាការផ្តោតលើផលិតកម្មសម្រាប់តែការហូបចុកលក្ខណៈគ្រួសារនោះទេ ប៉ុន្តែសម្រាប់លក់នៅលើទីផ្សារ និងជាគម្រោងដើម្បីបង្កើតការងារបន្ថែម មុខរបរបន្ថែម និងប្រាក់ចំណូលបន្ថែម ពីលើមុខរបរស្នូលប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការធ្វើស្រែ ការធ្វើចម្ការ និងនេសាទជាដើម៕
ដោយ ៖ សិលា










