ក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា កន្លងមក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាព សារព័ត៌មានទាំងអស់ បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងចូលរួមសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ សារអប់រំនានាពាក់ព័ន្ធនឹងបញ្ហាសុខភាព បញ្ហាគ្រឿងញៀន និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងទៀតក្នុងសង្គម ដើម្បីបញ្ជាបការយល់ដឹងដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីដ៏ត្រឹមត្រូវ ដើម្បី លើកកម្ពស់សុខុមាលភាពសង្គម។

ជាមួយគ្នានេះ ដើម្បីបន្តសកម្មភាពខាងលើឱ្យបានកាន់តែផុលផុស ក្រសួងព័ត៌មាន ក្រសួង សុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការ ជាមួយក្រុមហ៊ុន MSA ផលិតនូវវីដេអូសារអប់រំចំនួន ២ (ពីរ) ដូចខាងក្រោម៖

១) សារអប់រំស្តីពីជំងឺអេដស៍និងមេរោគអេដស៍ក្រោមចំណងជើងថា«កំហុសនៃទំនុកចិត្ត»

២) សារអប់រំស្តីពីគ្រឿងញៀនក្រោមចំណងជើងថា«ច្រកទ្វារដំបូង»។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងព័ត៌មានសូមអំពាវនាវ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នក ផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ បន្តចូលរួមសហការជួយផ្សព្វផ្សាយវីដេអូសារអប់រំទាំងពីរនេះ ឱ្យបានជាប់ជាប្រចាំនិងច្រើនដងក្នុងមួយថ្ងៃចាប់ពីថ្ងៃនេះតទៅ ដើម្បីឱ្យជ្រួតជ្រាបជាចំណេះដឹងក្នុងការបង្ការ និងទប់ស្កាត់បញ្ហានេះកាន់តែមានប្រសិទ្ធភាព។

សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវ ការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print