សមត្ថកិច្ចរុះរើរបាំងស្បៃមុង ៤៥០ម៉ែត្រ និងលែងត្រីជាង ១០គីឡូក្រាមចូលទន្លេវិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងជំនាញចម្រុះក្នុងខេត្តកំពង់ធំ បន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបកាលពីម្សិលមិញបាន រុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងចាក់លែងត្រីចម្រុះជាង ១០គីឡូក្រាមចូលទន្លេវិញ ដើម្បីការពារធនធានមច្ឆជាតិក្នុងរដូវបិទនេសាទ។

 

ប្រតិបត្តិការនេះដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដំរីកូន ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

 

ជាលទ្ធផល សមត្ថកិច្ចបានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងស្បៃមុងចំនួន៩ របាំង ប្រវែងសរុប៤៥០ម៉ែត្រ ឡុក១២គ្រឿង លូ/លប១៨មាត់ និងបង្គោល២៧០ដើម។ ជាមួយគ្នានេះ ក៏បានចាក់លែងត្រីចម្រុះជាង១០គីឡូក្រាមចូលក្នុងទន្លេវិញផងដែរ។

 

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ ដោយអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ និងស្បៃមុង ព្រមទាំងមិនត្រូវនេសាទក្នុងតំបន់ហាមឃាត់ ឬអំឡុងរដូវត្រីពងកូន ដើម្បីរួមគ្នាអភិរក្ស និងការពារធនធានជលផលឱ្យបានគង់វង្ស៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print