កិច្ចសន្ទនាយុទ្ធសាស្ត្ររុស្ស៊ី-កូរ៉េខាងជើងលើកទីបីសម្រេចបានការឯកភាពគ្នាលើបញ្ហាទាំងអស់

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ស្រី Choe Son Hui បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទីបីរបស់ពួកគេនៅទីក្រុងមូស្គូ ដោយផ្តោតលើវិធានការដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា។

សារព័ត៌មាន AFP បានផ្សាយថា នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ខ្លួន សម្រាប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងឱកាសដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ។
KCNA បាននិយាយថា លោកស្រី Choe Son Hui និងលោក Sergey Lavrov បានបើកកិច្ចសន្ទនាយុទ្ធសាស្រ្តលើកទី៣ កាលពីថ្ងៃចន្ទ ក្នុងពេលវេលាមួយ ដែលភាពជាដៃគូរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់។ សេចក្តីថ្លែងការណ៍ចេញផ្សាយដោយ KCNA បានបន្តថា ភាគីកូរ៉េខាងជើងបានបង្ហាញការគាំទ្រឥតងាករេ សម្រាប់គោលនយោបាយផ្ទៃក្នុងនិងខាងក្រៅទាំងអស់របស់ប្រទេសរុស្ស៉ី ដើម្បីកម្ចាត់ឫសគល់នៃជម្លោះអ៊ុយក្រែន និងដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងយុត្តិធម៌អន្តរជាតិ។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបលោកស្រីប្រមុខការទូតកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីអរគុណកូរ៉េខាងជើង សម្រាប់ការគាំទ្រ ដែលក្នុងនោះរួមមានទាំងការផ្តល់កងទ័ព។ កូរ៉េខាងជើងបានបញ្ជូនទាហានជាងមួយម៉ឺននាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៉ី ហើយបានជួយផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធ ដើម្បីជួយកិច្ចប្រឹងប្រែងសង្រ្គាមរបស់មូស្គូ។ ជាថ្នូរត្រឡប់មកវិញ បើតាមក្រុមអ្នកវិភាគ កូរ៉េខាងជើងទទួលបានការគាំទ្រហិរញ្ញវត្ថុ ស្បៀងអាហារ ការផ្គត់ផ្គង់ថាមពល និងបច្ចេកវិទ្យាយោធាពីរុស្ស៉ី។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយមន្រ្តីជាន់ខ្ពស់រុស្ស៉ីកាលពីខែមេសា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងមុតមាំរបស់លោកសម្រាប់រុស្ស៉ី ហើយបានសន្យាបន្តជួយទីក្រុងមូស្គួ សម្រេចឱ្យបានជ័យជម្នះក្នុងអ្វីដែលលោកហៅថា សង្រ្គាមពិសិដ្ឋរបស់ប្រទេសរុស្ស៉ី៕

រូប​ថត​:news1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print