នាវាដឹកប្រេងដ៏ធំ Mobassa B ដែលជានាវាដឹកប្រេងមួយក្នុងចំណោមនាវាពីរគ្រឿងដែលក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយថាត្រូវបានវាយប្រហារដោយមីស៊ីលបញ្ជារបស់អ៊ីរ៉ង់ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ។
យោងតាម CNBC នៅក្នុងការជួញដូរពេលព្រឹកនៅថ្ងៃទី 23 ខែកក្កដា កិច្ចសន្យាប្រេងឆៅ Brent សម្រាប់ខែកញ្ញាបានកើនឡើង 2% ដល់ 95.99 ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកក៏បានកើនឡើងប្រហែល 1.7% ដល់ 88.27 ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើងបន្ទាប់ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពីការវាយប្រហារលើកប៉ាល់ដឹកប្រេង ២គ្រឿងរបស់អារ៉ាប៊ីសាអូឌីត ជាផ្នែកមួយនៃការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ហើយដែលការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភរឹតតែខ្លាំងចំពោះវិបត្តិផ្គត់ផ្គង់ប្រេងពិភពលោកមួយផ្សេងទៀតក្នុងសមុទ្រក្រហម ខណៈអ៉ីរ៉ង់កំពុងព្យាយាមគ្រប់គ្រងច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងពេលដំណាលគ្នា យោធាអាមេរិក នៅថ្ងៃពុធ ទី២២ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការបើកការវាយប្រហារតាមផ្លូវអាកាសជុំថ្មីមួយលើអ៉ីរ៉ង់តាមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាការវាយប្រហារយប់ទី១២ជាប់ៗគ្នា។ ក្រុមឧទ្ទាមហ៊ូទីដែលកំពុងគ្រប់គ្រងតំបន់ស្ថិតនៅក្បែរច្រកសមុទ្រ Bab el-Mandeb ស្ថិតនៅចុងម្ខាងនៃឧបទ្វីបអារ៉ាប់ ពីច្រកសមុទ្រ Hormuz បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាពួកគេនឹងអនុវត្តការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ជាសកម្មភាពមួយដែលក្រុមអ្នកវិភាគយល់ថាជាសកម្មភាពយុទ្ធសាស្ត្រមួយដែលអ៉ីរ៉ង់ចង់បានដើម្បីបង្កើនអំណាចរបស់ខ្លួនក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក។
ក្រុមហ៊ូទីបានអះអាងថាពួកគេបានវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿងក្នុងសមុទ្រក្រហម។ កប៉ាល់ទាំង២គ្រឿងនេះមានមួយគ្រោះឈ្មោះ Encelia និងមួយគ្រឿងទៀតឈ្មោះ Layla។
កាលពីថ្ងៃពុធ មានកប៉ាល់ដឹកប្រេង ៥គ្រឿង បានប្ដូរទិសដៅធ្វើដំណើរក្នុងសមុទ្រក្រហម ដោយចៀសវាងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ហើយកប៉ាល់៣គ្រឿង ផ្សេងទៀតដឹកប្រេងអារ៉ាប៊ីសាអូឌីតឆ្ពោះទៅចិន និងឥណ្ឌាបានបកក្បាលត្រឡប់ក្រោយកាលពីថ្ងៃអង្គារ៕

រូបថត:Reuters









