ក្លិប Barcelona បានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ថា បានចុះកុងត្រាទិញយកខ្សែប្រយុទ្ធស្លាបជនជាតិអាល្លឺម៉ង់ Karim Adeyemi ពី ក្លិបBorussia Dortmund ដោយកិច្ចសន្យាមានសុពលភាពរហូតដល់ឆ្នាំ 2031។
ភាគីទាំងពីរមិនបានបង្ហាញតម្លៃផ្ទេរនោះទេ ប៉ុន្តែសារព័ត៌មានបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ 22 លានអឺរ៉ូ (ប្រហែល 25.1 លានដុល្លារ) បូករួមនឹងប្រាក់បន្ថែម (add-ons) ហើយ Dortmund ក៏ទទួលបានលក្ខខណ្ឌចំណែកភាគរយពីការលក់បន្ត (sell-on clause) ផងដែរ។
Barcelona បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «FC Barcelona និង Borussia Dortmund បានឈានដល់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Karim Adeyemi ដែលបានចុះកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ 2031»។
Adeyemi បានផ្លាស់មក Dortmund ពីក្លិបអូទ្រីស Red Bull Salzburg ក្នុងឆ្នាំ 2022 ហើយបានបង្ហាញខ្លួនសរុប 146 ប្រកួត រកបាន 36 គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់។
ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំ រូបនេះនឹងបានជួបជុំវិញជាមួយគ្រូបង្វឹក Hansi Flick ម្តងទៀត។ Flick គឺជាគ្រូបង្វឹកដែលបានផ្តល់ឱកាសឱ្យ Adeyemi បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងអំឡុងពេលលោកដឹកនាំក្រុមជាតិ។
Adeyemi ត្រូវបានគេស្គាល់ថាជាកីឡាករដែលមាន ល្បឿនអស្ចារ្យ។ ក្នុងរដូវកាល 2022-23 គេបានបង្កើតកំណត់ត្រាល្បឿននៅ Bundesliga ដោយរត់បានដល់ 36.65 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងការប្រកួតដែល Dortmund យកឈ្នះ Freiburg 5-1។
Adeyemi ក្លាយជាកីឡាករប្រយុទ្ធទីពីរដែល Barcelona នាំចូលនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Anthony Gordon ពី Newcastle United។
គេបានចូលរួមជាមួយក្រុមជើងឯក LaLiga ខណៈ Barcelona កំពុងកែទម្រង់តំបន់ប្រយុទ្ធ បន្ទាប់ពី Robert Lewandowski ផ្ទេរទៅកាន់ Chicago Fire និង Marcus Rashford វិលត្រឡប់ទៅ Manchester United បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងនៅ Barcelona៕










