ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លី យ៉ុងជេរ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ស្តីពីករណី លួចទូរសព្ទ និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៦ នៅចំណុចមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាត់ចែងឱ្យកម្លាំង ជំនាញចុះដល់ទីតាំងកើតហេតុខាងលើ និងធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ វៀត រីដែន ភេទប្រុស អាយុ២៩ឆ្នាំ ដែលបានធ្វើសកម្មភាពលួចយកទូរសព្ទ របស់ជនរងគ្រោះខាងលើ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។
លោកអនុសេនីយ៍ឯកតិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថតា ត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិញហេីយ៕
ដោយ៖ សុរិយា










