អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន 

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖

 

ទី១៖ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំថ្ងៃខួបគម្រប់១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិនិងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសានរបស់ប្រជាជន។ សម្តេចក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ សុខសន្តិភាព និងធនធានមនុស្ស។

 

ដោយឡែក ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិ Bloomberg សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថា ដោយសារកម្ពុជាជ្រើសរើសយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខណ្ឌ UNCLOS បានបិទទ្វារការចរចាព្រំដែនគោក គឺជារឿងមិនត្រឹមត្រូវ និងមិនយុត្តិធម៌ទេ។ សម្តេចធិបតីបានលើកហេតុផលពីយ៉ាងមកពន្យល់៖ ម្យ៉ាង កម្ពុជាប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS ដោយសារតែថៃបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំង២ ស្តីពីបញ្ហាដែនសមុទ្រគឺអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ (MoU2001) ដែលរដ្ឋាភិបាលទាំងពីបានប្រើប្រាស់អស់រយៈពេលជាង២៥ឆ្នាំ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ។ ទោះបីជាកម្ពុជាបានស្នើសុំកុំឱ្យថៃលុបចោលក៏ដោយ ក៏ថៃនៅតែសម្រេចលុបចោលជាឯកតោភាគីដដែល។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីទៅរកយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នោះឡើយ។ ម្យ៉ាងទៀត គ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាដែលបញ្ជាក់ថា ការដោះស្រាយព្រំដែនសមុទ្រក្រោមអនុសញ្ញា UNCLOS ធ្វើឱ្យការចរចាដោះស្រាយព្រំដែនគោកត្រូវជាប់គាំងនោះឡើយ។

 

ទី២៖«កម្ពុជាប្តេជ្ញាចិត្តដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ សន្តិភាព និងយូរអង្វែងដោយផ្អែកលើច្បាប់អន្តរជាតិ។ កម្ពុជាសង្កត់ធ្ងន់លើការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនគំរាមកំហែង និងមិនប្រើកម្លាំង។ ការដោះស្រាយជម្លោះដោយសន្តិវិធី នៅតែជាគោលការណ៍ជាមូលដ្ឋាន សម្រាប់ការរក្សាសន្តិភាពតំបន់ ស្ថិរភាព និងសណ្តាប់ធ្នាប់តំបន់ផ្អែកលើវិធានច្បាប់»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

 

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជំរាបជូនសមភាគីអាម៉េរិក អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។

 

ទី៣៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ សុទ្ធិ បានជំរាបជូន លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាអំពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជិត ៦៥ម៉ឺននាក់។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសទាំងពីរ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាចំនួនជាង ២ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែង និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print