ក្លិប Manchester City បានប្រកាសនៅថ្ងៃសៅរ៍ថា ខ្សែការពារកណ្តាលជម្រើសជាតិអ៊ូសបេគីស្ថាន Abdukodir Khusanov បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ ជាមួយក្លិប។
Khusanov បានជួយ Manchester City ឈ្នះពានរង្វាន់ FA Cup និង League Cup កាលពីរដូវកាលមុន ព្រមទាំងជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅក្របខ័ណ្ឌ Premier League។
ខ្សែការពារវ័យ ២២ ឆ្នាំ រូបនេះ បានផ្ទេរមកពីក្លិបបារាំង Lens នៅខែមករា ឆ្នាំ ២០២៥។
រូបគេបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ៣០ ប្រកួត និងបានចូលរួមការប្រកួត FIFA World Cup ដោយលេងពេញទាំង ៣ ប្រកួត ក្នុងវគ្គចែកពូល ពូល K។
Khusanov បាននិយាយថា៖
«នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ខ្ញុំពិតជារីករាយដែលបានបន្តកិច្ចសន្យាជាមួយ Manchester City។»
គាត់បានបន្ថែមថា៖ «ខ្ញុំរីករាយជាមួយគ្រប់នាទីចាប់តាំងពីមកដល់ទីក្រុង Manchester ហើយខ្ញុំមានអារម្មណ៍ថាខ្លួនកំពុងអភិវឌ្ឍ និងរៀនសូត្របានច្រើនក្នុងនាមជាកីឡាករ។» «ឥឡូវនេះ ខ្ញុំមានបេសកកម្មថ្មី គឺបង្ហាញសមត្ថភាពឱ្យគ្រូបង្វឹកថ្មី Enzo Maresca និងក្រុមការងាររបស់គាត់បានឃើញ ដើម្បីអាចជាប់ក្នុងជម្រើសដំបូងជាប្រចាំ។ ខ្ញុំប្តេជ្ញាធ្វើឱ្យបាន។»
Khusanov ក្លាយជាកីឡាករទី ២ របស់ Manchester City ដែលបន្តកិច្ចសន្យារយៈពេលវែងក្នុងសប្ដាហ៍នេះ បន្ទាប់ពីខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Phil Foden បានចុះកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំ។
នាយកផ្នែកបាល់ទាត់របស់ក្លិប Hugo Viana បាននិយាយថា៖ «យើងពិតជាពេញចិត្ត និងចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ Abdukodir ចាប់តាំងពីគាត់មកដល់អង់គ្លេស។» «យើងកំពុងឃើញគាត់រីកចម្រើនក្លាយជាមនុស្សវ័យក្មេងដ៏ល្អ និងជាខ្សែការពារដ៏ឆ្នើមម្នាក់ ប៉ុន្តែយើងជឿថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។» «សមត្ថភាពផ្នែករាងកាយ និងបច្ចេកទេសរបស់គាត់ស្ថិតក្នុងកម្រិតខ្ពស់។ គាត់មានគុណសម្បត្តិគ្រប់យ៉ាងដើម្បីក្លាយជាខ្សែការពារកណ្តាលលំដាប់ពិភពលោក។ នៅអាយុត្រឹមតែ ២២ ឆ្នាំ អនាគតដ៏ល្អបំផុតរបស់គាត់នៅខាងមុខ ហើយសក្តានុពលរបស់គាត់ក្នុងការរីកចម្រើនបន្ថែមទៀត គឺច្បាស់ណាស់៕»










