ខេត្តមណ្ឌលគិរី÷ មន្ត្រីឧទ្យាននុរករក្សៃដែនជម្រកសត្វ ព្រៃស្រែពក បានចុះល្បាត និងបង្ក្រាបបាននូវករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងដក ហូតបានអាវុធ AK-47 ស្វ័យបត់០១ដើមគ្រាប់ និងមធ្យោបាយធ្វើដំណើរមួយចំនួននៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រតិបត្តិការនេះបានធ្វើឡើង នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោង០៩:៣៥នាទី ដោយកម្លាំងមន្ត្រីឧទ្យាននុរក្ស បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ កំពុងជិះម៉ូតូ០៣គ្រឿង ដែលនៅក្នុងតំបន់ការពារ ។
ពេលនោះក្រុមការងារបានចេញអន្តរាគមន៍ស្ទាក់ឃាត់ ប៉ុន្តែជនសង្ស័យ ០២នាក់ បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមមាន : ១- ឈ្មោះ ខ្វេះ ណាន់ ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិដើមភាគតិចព្នង) មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និង២- ឈ្មោះ សុភី សូត្រ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមរយៈការឆែកឆេរក្នុងសាក់កាដូរបស់ក្រុមជនសង្ស័យ មន្ត្រីជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន : – អាវុធ AK-47 ស្វ័យបត់ ចំនួន ១ដើម (លេខសម្គាល់ 17273790) មានភ្ជាប់ឧបករណ៍តម្រង់ និងគ្រាប់ចំនួន ០៨គ្រាប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក REDMI ០១គ្រឿង ,និង – ម៉ាក HONOR ០១គ្រឿង) និងឧបករណ៍ឆក់ត្រី ។
បច្ចុប្បន្នមន្ត្រីឧទ្យាននុរក្សបាននាំយកជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីសួរនាំ និងកសាងសំណុំនរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែង៕
ដោយ៖ សុរិយា













