ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀន វស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១ វត្ត និងសាលាបុណ្យចំនួន៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។
ពីធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តច័ន្ទបុរីវង្សរបស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់១៥១វត្ត និងសាលាបុណ្យ៥កន្លែងក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានប្រគេនទៀន ព្រះ វស្សា បច្ច័យនិងទេយ្យទានទាំងក្នុងមួយវត្តនិងសាលាបុណ្យនីមួយៗ មានបច្ច័យ៣០ម៉ឺនរៀល,ទៀនព្រះវស្សា ១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បា ស្មើ២៥គីឡូ ក្រាម,ទឹកដោះគោខាប់១កេសស្មើ៤៨កំប៉ុង,ទឹកក្រូច៥ កេស,ទឹកសុទ្ធ៥កេស, មី៥កេស,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុងផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ ជាទំនៀមទំលាប់ ពិធីនេះត្រូវចាប់ ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូល រួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងឱកាសនោះសម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជាបានជូនពរសព្ទសាធុការដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង កូនៗ ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែ នេះ ប្រជា ពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗទៅប្រគេនជាបន្តបន្ទាប់សម្រាប់ ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕














