ការងារថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Ronaldo៖ ត្រៀមសម្តែងក្នុងរឿងភាគធំអំពីបាល់ទាត់អង់គ្លេស

ចែករំលែក៖

តារាបាល់ទាត់ Cristiano Ronaldo បានឈានជើងចូលវិស័យភាពយន្ត ដោយគាត់នឹងក្លាយជាផលិតករប្រតិបត្តិ (Executive Producer) និងថែមទាំងចូលសម្តែងក្នុងរឿងភាគថ្មីដ៏ធំមួយ ដែលនិយាយអំពីពិភពបាល់ទាត់នៅចក្រភពអង់គ្លេស។

 

រឿងភាគនេះមានចំណងជើងថា “Day 1s” ហើយសម្តែងដោយតារាហូលីវូដ Damian Lewis ដែលល្បីពីរឿង Homeland និង Billions។ ការថតបានចាប់ផ្តើមរួចហើយ នៅកីឡដ្ឋានរបស់ក្លិប Barnet FC ភាគពាយ័ព្យទីក្រុងឡុងដ៍។

 

Ronaldo វ័យ ៤១ ឆ្នាំ មិនត្រឹមតែជាផលិតករប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏នឹងបង្ហាញខ្លួនក្នុងរឿងនេះផងដែរ។

 

ប្រភពមួយពីវិស័យទូរទស្សន៍បានបង្ហើបថា អតីតខ្សែប្រយុទ្ធ Arsenal គឺ Thierry Henry វ័យ ៤៨ ឆ្នាំ ក៏នឹងចូលរួមសម្តែងក្នុងរឿងនេះដែរ។

 

ប្រភពដដែលបានឱ្យដឹងថា៖ «រឿងនេះទំនងជានឹងបង្កឱ្យមានការប្រកួតប្រជែងរវាងវេទិកាស្ទ្រីមធំៗ ដើម្បីទិញសិទ្ធិផ្សាយ។ ដោយសារតែក្រុមការងារ និងតារាសម្តែងសុទ្ធតែមានឈ្មោះល្បី វាជាគម្រោងដ៏ធំមួយ ហើយការចូលរួមរបស់ Ronaldo ក្នុងការផលិតរឿងភាគ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល។»

 

រឿង Day 1s និយាយអំពីភ្នាក់ងារបាល់ទាត់ប្រឌិតម្នាក់ឈ្មោះ Stanley Dalton ដែលសម្តែងដោយ Damian Lewis។

 

គំនិតរឿងនេះត្រូវបានបង្កើតឡើងដោយ Darren Dein ដែលជាភ្នាក់ងារបាល់ទាត់ពិតប្រាកដ និងជាអ្នកតំណាងរបស់ Thierry Henry ផងដែរ។

 

ប្រភពបានបន្ថែមថា៖ «បន្ទាប់ពីការប្រកួត World Cup មានការចាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាមេរិក ចំពោះបាល់ទាត់អង់គ្លេស។ ការចាប់អារម្មណ៍នេះបានកើនឡើងជាបន្តបន្ទាប់ ដោយសាររឿងដូចជា Ted Lasso។ ប៉ុន្តែ Day 1s មិនមែនជារឿងកំប្លែងទេ។ វាជារឿងភាគដែលមានធាតុកំប្លែងបន្តិចបន្តួច និងមានក្រុមការងារល្បីៗនៅពីក្រោយ។»

 

រឿងនេះនឹងត្រូវផលិតដោយ UR•Marv Studios ដែលជាក្រុមហ៊ុនថ្មីបង្កើតឡើងដោយ Ronaldo និងអ្នកដឹកនាំភាពយន្តល្បី Matthew Vaughn។ តារារ៉េបអង់គ្លេស Dave និងតារាសម្តែងថ្មី Carlotta Banat ក៏នឹងចូលរួមផងដែរ។

 

ថ្មីៗនេះ Thierry Henry ក៏ត្រូវបានគេថតរូបនៅថ្ងៃដំបូងនៃការថតរឿង នៅកីឡដ្ឋាន Barnet FC។

 

Matthew Vaughn ដែលធ្លាប់ដឹកនាំភាពយន្តល្បីៗដូចជា Kingsman និង Kick-Ass បានបង្កើត UR•Marv Studios ជាមួយ Ronaldo នៅដើមឆ្នាំនេះ ដោយមានគោលបំណងផ្លាស់ប្តូរវិធីផលិតភាពយន្តបែបប្រពៃណី។

 

Vaughn បាននិយាយថា៖«Cristiano បានបង្កើតរឿងរ៉ាវដ៏អស្ចារ្យនៅលើទីលាន ដែលខ្ញុំមិនអាចនិពន្ធបាន ហើយខ្ញុំទន្ទឹងរង់ចាំបង្កើតភាពយន្តដែលបំផុសគំនិតជាមួយគាត់។»

 

ចំណែក Ronaldo បាននិយាយថា៖

«នេះគឺជាជំពូកថ្មីដ៏គួរឱ្យរំភើបសម្រាប់ខ្ញុំ ខណៈដែលខ្ញុំកំពុងឆ្ពោះទៅរកការងារថ្មីៗ។»

...

 

បច្ចុប្បន្ន Ronaldo មានអ្នកតាមដានលើបណ្តាញសង្គមជាង ១ ពាន់លាននាក់។ គាត់ស៊ុតបាន ៣ គ្រាប់ ឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការប្រកួត World Cup ហើយនៅតែជាប្រធានក្រុមរបស់ក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print