ទីក្រុងបាងកក៖ បើយោងតាមកាសែត Amarin News បានចុះផ្សាយថា អាជ្ញាធរថៃ បានបើកប្រតិបត្តិការឆ្មក់ចូលរោងចក្រ និងទីតាំងស្តុកទំនិញខុសច្បាប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសផលិតផលក្លែងក្លាយកាហ្វេក្លែងក្លាយម៉ាកល្បីៗជាច្រើន រួមមាន Nescafe, Ovaltine និង Downy ដែលមាន តម្លៃ សរុបជាង ២,៦លានបាត(ប្រមាណ៧៧,៤៩៦ដុល្លារ)។
កាសែត Amarin News បាននិយាយបន្តថា ក្នុងប្រតិបត្តិការនេះធ្វើឡើងដោយការិយាល័យស៊ើបអង្កេតកណ្តាល (CIB) សហការជាមួយនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដោយបានចុះត្រួតពិនិត្យទីតាំងចំនួនពីរ រួមមាន ឃ្លាំងផលិតនៅ ខេត្តសារ៉ាបុរី និងលំនៅដ្ឋានមួយទីក្រុងបាងកក។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលអាជ្ញាធរថៃ បានរឹបអូសទំនិញក្លែងក្លាយសរុបចំនួន ២២៦.៧២០ កញ្ចប់ រួមទាំងគ្រឿងចក្រសម្រាប់ផលិត វេចខ្ចប់ និងវត្ថុធាតុដើមជាច្រើនទៀត។ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន និងបានសារភាពកំហុសចំពោះមុខសមត្ថកិច្ចថៃ។
បន្ថែមពីនេះ អាជ្ញាធរថៃ បានអះអាងថា ការបង្ក្រាបនេះបានកើតឡើងបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋ និងម្ចាស់ហាងតូចៗក្នុងតំបន់ Thonburi ថាមានក្រុមជនខិលខូចដើរលក់ទំនិញក្នុងតម្លៃថោកខុសប្រក្រតី។ អាជ្ញាធរថៃ បារម្ភថា ផលិតផលក្លែងក្លាយទាំងនោះអាចមានផ្ទុកសារធាតុគីមី ឬវត្ថុធាតុដើមមិនមានស្តង់ដារ បង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតរបស់អ្នកបរិភោគនិងប្រើប្រាស់៕ដោយ៖តារា










