ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បន្ទាប់ពីមិត្តភក្តិទូរស័ព្ទហៅឱ្យជួយដឹកម៉ូយ តែមិនលើក មិនអស់ចិត្តទៅតាមរក មើលដល់បន្ទប់ជួល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជួល បន្ទប់លេខ៤៣ តាមផ្លូវលំ ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ស៊ូ រ៉ាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ២នាក់កូនប្រុស អាយុ១០ឆ្នាំ មានស្រុកកំណើត ផ្ទះលេខ៧៣ ភូមិក្រូច ឃុំអន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បើតាមអ្នកជិតខាងបាបឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បុរសខាងលើ បន្ទាប់មកពីរត់ម៉ូតូកង់បីវិញ ត្អូញត្អែថាមិនស្រួលខ្លួន រកអ្នកឱ្យកោសខ្យល់ដែរ តែគ្មានអ្នកកោសឱ្យ ដោយបងប្អូន ប្រពន្ធ នៅផ្ទះជួលផ្សេងៗពីគ្នា ហើយក៏ចូលដេកសម្រាកពីនាក់កូនប្រុស អាយុ១០ឆ្នាំបាត់ទៅ រហូតដល់ព្រឹកឡើងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ទើបផ្អើលឆោឡោថាដេកស្លាប់ទៅវិញ ។
បើតាមបុរសម្នាក់ជាមិត្តភក្តិ រត់ម៉ូតូកងើបីជាមួយគ្នា បានឱ្យដឹងថា បន្ទាប់ពីទូរស័ព្ទហៅ ឱ្យជួយដឹកម៉ូយ តែមិនលើក ងឿងឆ្ងល់ក៏មកតាមរកមើល កូនប្រុសបើកទ្វារបន្ទប់ ហៅដាស់ ប្រទះឃើញដេកស្លាប់បាត់ទៅហើយ ។
ក្រោយពីដឹងថាជនរងគ្រោះដេកស្លាប់ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖សុខាសែនជ័យ










