ចំណាយពេល៥ថ្ងៃ ករណីចោរស៊ីគ្រឿងក្នុងផ្ទះអស់៦ល្វែង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងស្រាវជ្រាវចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ សំណង់ផ្ទះ​ល្វែង​ចំនួន​០៦ល្វែងរបស់​ក្រុមហ៊ុន​ «​ស៊ី​ន ឃី​ម​» ដែល​ស្ថិត​ក្នុងភូមិ​អូរ​ដា​លើ  ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ត្រូវ​បាន​លោក​ចោរ​ចំណាយពេល​៥​ថ្ងៃ ធ្វើ​សកម្ម​ភាព​គាស់​ទម្លុះទម្លាយចូល​លួច​ស៊ី​គ្រឿងក្នុង​អស់​គ្មាន​សល់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​នេះធ្វើការ​ស្រាវជ្រាវ​តាមចាប់ខ្លួន​ជន​ដៃដល់​ និង​អ្នក​ទ​ទួល​ផល ​«​ចោរកម្ម​»​បាន​ចំនួន​០៣​នាក់​ជា​បន្ត​បន្ទាប់ នៅវេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​២៧ កក្កដា បន្ទាប់​ពី​សមត្ថ​កិច្ច​ទ​ទួល​បណ្ដឹង​ពី​បុ​គ្គ​លិ​ក​ក្រុមហ៊ុន​នេះ​ ។

​យោង​តាម​របាយ​ការ​ណ៍​​របស់​កងរាជអាវុធហត្ថស្រុកកំរៀងបាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​គាស់​ទម្លុះទម្លាយ​ផ្ទះល្វែង​ទាំង​០៦​ខាងលើ​នេះ តាំងពី​ថ្ងៃ​ទី​២២ ខែកក្កដា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី២៧ ខែកក្កដាទើប​ខាង​ក្រុមហ៊ុន​បានដឹង និង​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​បញ្ជា​ការ​​មូលដ្ឋាន​កង​រាជ​អា​វុ​ធ​ហត្ថ​ស្រុក​កំ​រៀង ដើម្បី​សុំ​កិច្ចជួយ​អន្តរា​គម​ន៍​ ​។

​បើ​តាម​របាយ​ការ​ណ៍​ដែល​ស្រង់​ពី​បណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន គឺ​អ្នកស្រី វណ្ណ ស្រី​ពេជ្រ  អាយុ​៣៤​ឆ្នាំបាន​ឲ្យ​ដឹង​ថា  សម្ភារៈ​ដែល​ត្រូវ​បាត់បង់ដោយសារ​ចោរលួច​រួម​មាន​៖  ១-​ម៉ា​ស៊ី​ត្រជាក់​ចំនួន​១៤​គ្រឿង  ២-​ម៉ូ​ទ័​រ​បូ​ម​ទឹក​ចំនួន​០២​គ្រឿង  ៣-​ម៉ាស៊ីនទឹក​​​ក្ដៅ​ចំនួន​០៧​គ្រឿង  ៤-​ប​ង្អួច​កញ្ចក់​ចំនួន​០៥​វង់ ៥-​វាំងនន​ចំនួន​០៦​ផ្ទាំង  ៦-​ខ្សែ​ភ្លើង  កុងតាក់ និង​ហ្វ្រី​ភ្លើងដែល​រៀប​នៅ​ក្នុងផ្ទះ​ទាំង​០៦​ល្វែង​០២​ជាន់ត្រូវ​លោក​ចោរ​គាស់កាត់​ផ្ដាច់​ប្រមូល​យក​ទាំងអស់​ ។   ពោល​៖  សល់​តែ​សម្បក​ផ្ទះល្វែង ​។

​ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ លោក​សូ ឌី បាន​ប្រាប់​បន្ថែម​ថា  ក្រោយ​មន្ត្រី​ជំនាញ​ទ​ទួល​បណ្ដឹង​ពី​តំណាង​ក្រុមហ៊ុន​ភ្លាម​ៗ  កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវតាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ក្នុង​នោះ ​មាន​ម្នាក់​ជា​ជន​ដៃដល់ធ្វើ​សកម្មភាពគាស់ទ​ម្លុះ​ទម្លាយ​ផ្ទាល់  រីឯ​០២​នាក់​ទៀតជា​អ្នក​ទ​ទួល​ទិញ​ផល​ «​ចោរកម្ម​» ប៉ុន្តែ​នៅ​មាន​ម្នាក់​ទៀតដែល​ទើប​នាំ​ខ្លួន​មក​សួរនាំ ​គឺជា​ថៅកែ​អេត​ចាយ​ដែល​ទ​ទួល​ទិញ «​ផល​ចោរកម្ម​»​ ទាំង​អស់នេះ​ចុង​ក្រោយ​គេ​ ។

​ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ឃាត់ខ្លួន​បាន​ដំបូង  ក្រោយ​ទ​ទួល​ពាក្យបណ្ដឹង​រួម​មាន ​៖  ១-​ឈ្មោះ ប្រាជ្ញ គឹ​ម​សា ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ២-​ឈ្មោះ សុង យ៉​ន ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ  និង​៣-​ឈ្មោះ ជា ម៉ៅ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ  ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ គ្មាន​មុខរបរ​ពិតប្រាកដ​ទេ ពួក​គេ​រស់​នៅ​ក្នុងភូមិ​-ឃុំកើតហេតុ​ខាងលើ​ ។

​បើ​តាម​មន្ត្រី​ជំនាញបាន​បញ្ជាក់​ថា ក្រុម​នេះ ​ត្រូវ​បានក​ម្លាំង​​ជំនាញធ្វើការ​ស្រាវជ្រាវឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ បន្ទាប់​ពី​ទ​ទួល​បណ្ដឹង​តំណាង​ក្រុមហ៊ុន​ «​ស៊ី​ន ឃី​ម​» គឺ​អ្នកស្រី វណ្ណ ស្រី​ពេជ្រ​ ។

​ក្រោយ​ពី​ជនសង្ស័យត្រូវ​ឃាត់ខ្លួន មន្ត្រី​ជំ​នា​ញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា​៖ បំណែក​ម៉ាស៊ីនត្រជាក់​ចំនួន​០៦​គ្រឿង​, កង្ហា​របឺត​ខ្យល់​, កាមេរ៉ា​សុ​វត្ថិ​ភាព​, វាំងនន​ចំនួន​០៦​ផ្ទាំង​,  កន្ត្រៃ​ចំនួន​៤, ទួណឺ​វី​ស,ពិល​ឆ្លុះនិង​ដង្កាប់​ចំនួន​០៤ (សម្ភារៈ​ធ្វើ​សកម្មភាព​), ម៉ូ​ទ័​រ​ម៉ាស៊ីន​ត្រជាក់​ចំនួន​០២  រួម​ទាំង​ខ្សែ​ភ្លើង​ និង​ទុយយោ​ស្ពាន់មួយ​ចំនួន​ផង ​។

​លោក សី ឌី បាន​បញ្ជាក់​ថា  ផ្ទះល្វែង​ចំនួន​០៦ ដែល​ត្រូវចោរ​គាស់​ចូល​លួ​ច​គ្រឿងក្នុង​អស់​គ្មាន​សល់​នេះ ជា​របស់​ក្រុមហ៊ុន ​«​ស៊ី​ន ឃី​ម​»​ ។ ​កន្លង​ទៅ​ ក្រុមហ៊ុន​បាន​ជួល​ឲ្យ​អតិថិជន​ស្នាក់​នៅ ប៉ុន្តែ​មួយ​រយៈចុង​ក្រោយ​នេះ អតិថិជន​បាន​ឈប់​ជួល​ស្នាក់​នៅ ហើយ​ខាង​ក្រុមហ៊ុន​បិទទ្វារ​ទុក​ចោល ទើប​ចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​គ្រឿងក្នុង​បែប​នេះ  បើ​ទោះជា​មាន​អ្នកយាម​ជា​ប្រចាំ​ក្ដី​ ។

​ពាក់ព័ន្ធ​នឹង​អំពើ​ «​ចោរកម្ម​» ​នេះបើ​តាម​លោក សូ ឌី បាន​បញ្ជាក់​ដែរ​ថា ដំបូង​យើង​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ក្នុង​នោះ ​មាន​ម្នាក់​ជា​ជន​ប្រព្រឹត្ត​ផ្ទាល់ រីឯ​ចំនួន​០២​នាក់​ទៀតជា​អ្នក​ទ​ទួល​ទិញ​ផល​ចោរ​ក​មុ្ម​ពី​ជន​ដៃដល់​ផ្ទាល់​ ។ ​ប៉ុន្តែ​ក្រោយ​ពី​ជន​​០២​នាក់​នោះ​​បាន​សារភាពដែល​ពួក​ខ្លួន​យក ​«​ផល​ចោរកម្ម​» នោះ​ទៅ​លក់​បន្ត​ឲ្យ​ថៅកែ​ទិញ​អេ​ត​ចាយ​ដ៏​ធំ​មួយ​កន្លែង​ទៀត  ទើប​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញនាំ​ខ្លួន​លោក​ថៅ​​​កែ​អេ​ត​ចាយ​នោះ​មក​សួរនាំ​ដែរ។
​លោក​បាន​បញ្ជាក់​ថា  ពេល​នេះ​ថៅកែ​
អេ​ត​ចាយ​ដ៏​ធំ​នោះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​តាម​នីតិវិធី​ ។ ប៉ុន្តែ​លោក សូ ឌី មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​លោក​ថៅកែ​អេ​ត​ចាយដែល​ទ​ទួល​ទិញ​ផល​
«​ចោរកម្ម​» ​ចុង​ក្រោយ​នេះ​នៅឡើយ​ទេ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print