ឆក់ទូរស័ព្ទពីនារីម្នាក់បានហេីយរត់មិនរួចជនរងគ្រោះដេញឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច រួចព្យាយាមជិះគេចខ្លួន តែត្រូវបានជនរងគ្រោះ ជិះម៉ូតូប្រដេញបុកពីក្រោយជ្រុលទៅបុករថយន្ត១គ្រឿងនៅខាងមុខ បន្តទៅបុកម៉ូតូម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលទើបត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋចាប់បានហើយប្រជាពលរដ្ឋវាយទ្រមខ្លួនរួច ទើបប្រគល់ឲ្យនគរបាល ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់នោះឈ្មោះគង់ កុសល អាយុ២២ឆ្នាំ មានទីលំនៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KJ-7897 ។

ស្រ្តីរងគ្រោះឈ្មោះឡុញ ស្រីនាថ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ទូរស័ព្ទដៃរបស់នាងដែលត្រូវជនសង្ស័យឆក់ម៉ាកIPhone 6 ដែលនាងទុកនៅក្នុងឃ្លុបមុខម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JZ-6267 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ហើយជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយ ។ លុះពេលដល់ត្រង់ចំណុចជិតផ្សារជម្ពូវ័ន ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងពីឃ្លុបម៉ូតូបានសម្រេច ហើយគេចខ្លួនសំដៅទៅទិសខាងកើត ។

ជនរងគ្រោះបន្តថា ពេលនោះនាងបានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថា«ចោរៗ»បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រហូតដល់ត្រង់ចំណុចជិតវិទ្យាល័យជម្ពូវ័ន ទើបដេញតាមទាន់ ។ ពេលនោះនាងក៏បានជិះបំបុកម៉ូតូជនសង្ស័យពីក្រោយបណ្ដាលឲ្យខ្ទាតទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AE-6351 ១គ្រឿង ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ បណ្ដាលដួល ។ខណៈនោះជនសង្ស័យរងរបួសស្រាល រួចក៏លើកម៉ូតូជិះគេចខ្លួនបន្តទៀត ដោយជិះបញ្រ្ចាស់ទិសដៅចរាចរណ៍ ។ ចំណែកជនរងគ្រោះក៏បន្តដេញតាមមិនលែងឡើយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលបើកស្របគ្នា ។បណ្ដាលឲ្យដួលម្ដងទៀត ហើយក៏ត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋចាប់បាន បន្ទាប់មកប្រជាពលរដ្ឋក៏បានវាយទាត់ធាក់ម្នាក់១ដៃ១ជើងបណ្ដាលឲ្យជននោះទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលនាំទៅសាកសួរនិងចាត់ការតាមច្បាប់ ។ ចំណែកម៉ូតូស្កូបពី និងរថយន្តហាយឡែនឌ័រ ដែលត្រូវជនសង្ស័យបុកពីក្រោយនោះ ក៏បានបើកបន្តដំណើរទៅបាត់អស់មិនបានរកខុសត្រូវអ្វីឡើយ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print