គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រនៅប្រទេសជប៉ុន៖ មនុស្ស ១៣ នាក់បានស្លាប់ ការស្វែងរកជួយសង្គ្រោះកំពុងបន្ត

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឱ្យដឹងនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅក្បែរទីក្រុង Kumamoto ស្ថិតនៅភាគខាងត្បូងនៃប្រទេស ហើយក្រុមអ្នកជួយសង្រ្គោះកំពុងបន្តធ្វើប្រតិបត្តិការតាមស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែក។

កាលពីវេលាម៉ោងប្រមាណជាង៤ជិត៣០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីមួយមានកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារចំខេត្ត Kumamoto នៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ លោកស្រី Takaichi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យរបស់លោកស្រីក្នុងទីក្រុងតូក្យូ មួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីថា សូម្បីតែមកទល់នឹងពេលនេះ នៅមានមនុស្សកំពុងរង់ចាំការសង្រ្គោះ ហើយនេះជាការប្រណាំងប្រជែងនឹងពេលវេលា។ យើងនឹងប្រឹងប្រែងជាមួយការប្រើប្រាស់គ្រប់ធនធានដែលមានទាំងអស់ជាក់ស្ដែងដើម្បីសង្រ្គោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
កាលពីដំបូងឡើយមានមនុស្ស ៣នាក់ប៉ុណ្ណោះត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីដែលបានបណ្ដាលឱ្យផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងផ្លូវថ្នល់ជាច្រើនរងការខូចខាតនៅទូទាំងតំបន់រងគ្រោះផងដែរ។ ក្រុមអ្នកជួយសង្រ្គោះនៅថ្ងៃពុធនេះបានទាញមនុស្ស៨នាក់ចេញពីគំនរបែកបាក់នៃផ្សារទំនើបមួយដែលបានបាក់រលំផ្នែកខ្លះ ខណៈវិសាលភាពនៃការបំផ្លិចបំផ្លាញនៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។
បើតាមទូរទស្សន៍ជប៉ុន NHK បុគ្គលិកផ្សារទំនើបខាងលើប្រហែលជា ២០ ទៅ៣០នាក់មិនទាន់អាចទាក់ទងបានទេកាលពីថ្ងៃអង្គារ ហើយមនុស្ស៧នាក់ផ្សេងទៀតក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីបំពង់ផ្សែងមួយបានបាក់រលំនៅឯរោងចក្រ Nippon Paper Industries និង៤នាក់បានរងរបួសធ្ងន់។ ចំណែក មនុស្សប្រមាណ ២៦០ ០០០នាក់ត្រូវបានណែនាំឱ្យទៅស្នាក់នៅជាបណ្ដោះអាសន្ននៅជំរំភៀសខ្លួន៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print