សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមរាយការណ៍បញ្ហាពិតប្រាកដ ដើម្បីរាជរដ្ឋាភិបាលជួយដោះស្រាយបានទាន់ពេលវេលា

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា បណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបណ្ដាញសង្គមផ្សេងៗទៀត គឺជាឧបករណ៍ និងជាមធ្យោបាយដ៏សំខាន់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ផ្ទាល់មកកាន់រាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំរបស់ សម្ដេចតេជោ រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធតែងតែបន្តតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់រាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ ដើម្បីចុះដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

 

ជាមួយគ្នានេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបញ្ចេញមតិស្ថាបនានៅលើបណ្ដាញសង្គម និងសូមអំពាវនាវ និងស្នើសុំឱ្យមហាជនចៀសវាងការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ប៉ុន្តែត្រូវផ្តោតលើការបញ្ចេញមតិ ឬផ្តល់ព័ត៌មានអំពីបញ្ហាពិតប្រាកដដែលបានកើតឡើង។

 

ទន្ទឹមនឹងនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ការផ្តល់ព័ត៌មានជាក់ស្តែងពីសំណាក់អ្នកដែលដឹងរឿងផ្ទាល់ គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ និងច្បាស់លាស់ ក្នុងការជួយឱ្យរាជរដ្ឋាភិបាលក្តាប់បាននូវសភាពការណ៍ពិត និងឈានទៅរកការដោះស្រាយបញ្ហាទាំងនោះបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីបញ្ចប់បញ្ហា ឬបង្ការកុំឱ្យមានបញ្ហា គឺត្រូវដោះស្រាយបញ្ហាឫសគល់របស់វា ដែលបញ្ហានោះមួយភាគធំគឺជាភាពមិនច្បាស់លាស់នៃការកាន់កាប់ ហេតុនេះហើយទើបរដ្ឋាភិបាលបានធ្វើយ៉ាងណាជំរុញបន្តលើការវាស់វែងដើម្បីឱ្យបានចប់ទូទាំងប្រទេស ចុះបញ្ជី និងចែកបណ្ណជូនពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print