វៀតណាមបានក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការលក់រថយន្តអគ្គិសនីប្រើថ្ម (Battery Electric Vehicle – BEV) ក្នុងឆមាសទី១ ឆ្នាំនេះ ដោយលក់បាន 115,986 គ្រឿង វ៉ាដាច់ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
ការលក់នេះបានកើនឡើង 71% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រថយន្ត BEV មានចំណែក 35.3% នៃការលក់រថយន្តថ្មីទាំងអស់ ដែលជាសមាមាត្រខ្ពស់បំផុតក្នុងចំណោមទីផ្សាររថយន្តធំបំផុតទាំង 4 របស់អាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។
យីហោ VinFast ដែលជាម៉ាករថយន្តលក់ដាច់ជាងគេនៅវៀតណាម គ្របដណ្តប់ស្ទើរតែទាំងស្រុងលើការលក់រថយន្ត BEV។ ចំណែក Ford Mustang លក់បានតែចំនួនតិចប៉ុណ្ណោះ ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយចំនួនមិនបានបង្ហាញទិន្នន័យលក់របស់ខ្លួនទេ។
រថយន្ត BEV គឺជារថយន្តដែលប្រើថាមពលអគ្គិសនីសុទ្ធ មិនដូចរថយន្ត Hybrid ដែលប្រើទាំងអគ្គិសនី និងសាំង។ នៅវៀតណាម រថយន្ត BEV ទទួលបានការលើកលែងថ្លៃចុះបញ្ជី និងអត្រាពន្ធប្រើប្រាស់ពិសេសត្រឹម 3% រហូតដល់ចុងឆ្នាំ 2030។
ថៃតាមពីក្រោយ ប៉ុន្តែកំណើនលឿនជាងគេ
ប្រទេសថៃលក់រថយន្ត BEV បាន 104,418 គ្រឿង ហើយមានអត្រាកំណើនខ្ពស់បំផុតក្នុងតំបន់ គឺ 91%។
ទីផ្សាររថយន្តអគ្គិសនីរបស់ថៃត្រូវបានគ្រប់គ្រងដោយម៉ាករថយន្តចិន ដូចជា BYD, Aion និង MG។
រដ្ឋាភិបាលថៃក៏បានផ្តល់ប្រាក់ឧបត្ថម្ភ និងការបញ្ចុះពន្ធដើម្បីជំរុញការប្រើប្រាស់រថយន្ត BEV ហើយកំពុងពិចារណាគម្រោងថវិកា 714 លានដុល្លារអាមេរិក ដើម្បីជំនួសរថយន្តចាស់ចំនួន 80,000 គ្រឿង។
ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ីនៅតែជាទីផ្សាររថយន្តធំបំផុតក្នុងអាស៊ីអាគ្នេយ៍ ប៉ុន្តែរថយន្ត BEV មានចំណែកត្រឹម 16% នៃការលក់រថយន្តថ្មីក្នុងឆមាសទី១។
ម៉ាករថយន្តចិននៅតែគ្រប់គ្រងទីផ្សារ ដោយរថយន្ត BEV លក់ដាច់បំផុតទាំង 10 ម៉ូដែល សុទ្ធសឹងជាម៉ាកចិន ដូចជា BYD, Jaecoo និង Geely។
ចំណែក VinFast លក់បាន 1,934 គ្រឿង នៅឥណ្ឌូណេស៊ី ក្នុងនោះរថយន្ត SUV ខ្នាតតូច VF 3 លក់បាន 1,355 គ្រឿង។
ម៉ាឡេស៊ី
ម៉ាឡេស៊ីមានការលក់រថយន្ត BEV ទាបជាងគេក្នុងចំណោមប្រទេសទាំង 4 ប៉ុន្តែការលក់បានកើនឡើង 85% ដែលជាអត្រាកំណើនខ្ពស់លំដាប់ទី២ បន្ទាប់ពីប្រទេសថៃ៕










