គិតចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមាន៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើទៅភាគីថៃចំនួន ៩លើក ដើម្បីបើកកិច្ចប្រជុំ JBC កម្ពុជា-ថៃ ប៉ុន្តែភាគីថៃនៅមិនទាន់ឆ្លើយតបជាវិជ្ជមាននៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព័ត៌មានសំខាន់ៗមានដូចតទៅ៖

 

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសតំឡើងឋានន្តរស័ក្តិ និងផ្តល់មេដាយជូនវីរយុទ្ធជនដែលទើបតែចូលបម្រើកងទ័ព និងដែលបានឆ្លងកាត់សមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដី។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។ ការប្រកាសបែបនេះបានធ្វើឡើងនៅក្នុងពិធី «ចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនវត្ថុជូនប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល» នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ការផ្តល់ជូនជាពិសេសដល់វីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថបែបនេះ គឺជាការលើកទឹកចិត្តនិងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ។

 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការចែកបណ្ណកម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋក៏ជាផ្នែកមួយនៃការពង្រឹងការការពារជាតិតាមរយៈការជួយជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីដែលបានពួតដៃគ្នាគាំទ្រដល់វីរយុទ្ធជននៅជួរមុខ។ សម្តេចធិបតី ក៏បានប្រកាសថា ទឹកចិត្តជាតិនិយមរបស់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានកំពុងពង្រឹងសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានទឹកដី។

 

ទី២៖ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន(HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា។

 

បទបង្ហាញនេះធ្វើឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ។ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានពន្យល់ និងបានស្រាយបំភ្លឺរាល់សំណួររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានយ៉ាងក្បោះក្បាយ និងច្បាស់លាស់ពាក់ព័ន្ធនឹងដំណើរការការវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរកាលពីពេលកន្លងមក។

 

ប៉ុន្តែ បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៅច័ន្ទបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥ ការអនុវត្តការងារវាស់វែងរួមគ្នា និងការបោះបង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ជាអាទិ៍នៅភូមិជោគជ័យនិងភូមិព្រៃចាន់ ក៏ដូចជាកំណាត់ខ្សែព្រំដែនចន្លោះបង្គោល 52-59 ត្រូវបានអាក់ខាននិងជាប់គាំងទាំងស្រុងដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារនិងឈ្លានពានទឹកដីកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយបានបន្តកាន់កាប់ដោយខុសច្បាប់រហូតដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកក៏ដោយ។

 

ទន្ទឹមនឹងនេះ តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនក៏បានបញ្ជាក់ថា កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC កម្ពុជា-ថៃ និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចន្ទបុរី។

 

អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និងជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

...

 

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជាថ្មីម្តងទៀតថា គិតចាប់តាំងពីបទឈប់បាញ៉លើកទី២ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតមកទល់បច្ចុប្បន្ន JBC ភាគីកម្ពុជាបានស្នើទៅភាគីថៃចំនួន៩ លើកហើយដើម្បីបើកកិច្ចប្រជុំ JBC កម្ពុជា-ថៃ និងស្នើចាតើបញ្ជូនក្រុមការងារបច្ចេកទេសវាស់វែងចម្រុះដើម្បីធ្វើការនៅលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយទេ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print