ឈ្មួញទុច្ចរឹតនៅតែលួចលាក់នាំចូលទំនិញខុសច្បាប់ច្រើនប្រភេទរាប់សិបតោនពីថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ÷ប្រតិបត្តិការបង្ក្រាបបទល្មើសជលផល និងកសិកម្មឆ្លងដែនដ៏ធំមួយបានកើតឡើង ដោយសមត្ថកិច្ចបានរឹបអូសអង្ករដំណើបប្រមាណ ៣០តោន និងត្រីប្រាលួចនាំចូលខុសច្បាប់ ១៨តោន ដែលមានប្រភពដើមចេញពីប្រទេសថៃ មុននឹងឆ្លងកាត់ទឹកដីឡាវ ហើយលួចជ្រៀតចូលមកក្នុងប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រៈវិហារ ក្នុង រយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នាមកនេះ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់នោះ សមត្ថកិច្ចជំនាញនៅរសៀលថ្ងៃទី២៨កក្កដា២០២៦ បានស្ទាក់ចាប់រថយន្តខ្នាតយក្ស ១គ្រឿង ដែលដឹកអង្ករដំណើបមានទម្ងន់ប្រមាណ ៣០តោន ដែលមានប្រភពដើមនាំចេញពីថៃ មុននឹងឆ្លងកាត់ទឹកដីឡាវតាមច្រកផ្លូវទឹក ដោយគ្មានច្បាប់អនុញ្ញាត ហើយលួចជ្រៀតចូលមកក្នុងប្រទេសកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប។ តែត្រូវបានសមត្ថកិច្ចជំនាញស្ទាក់ចាប់បាន នៅតាមបណ្តោយផ្លូវជាតិលេខ៦៤ ស្ថិតក្នុងក្រុងព្រះវិហារ។

​តាមប្រភពបានឱ្យដឹងថា ទំនិញប្រភេទអង្ករដំណើបទាំងនោះ ត្រូវបានគេលួចលាក់នាំចូលពីប្រទេសឡាវ តាមច្រកទ្វារកំពង់ស្រឡៅ ដោយពុំមានច្បាប់អនុញ្ញាត ឬឯកសារបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវនោះឡើយ។

​បច្ចុប្បន្ន វត្ថុតាងរថយន្ត និងអង្ករដំណើបទាំងអស់ ត្រូវបានសមត្ថកិច្ចដកហូត ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីផ្លូវច្បាប់។

ដោយឡែក ការបង្ក្រាបត្រីប្រា ១៨តោននោះវិញ បើតាមលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបនេះ បានធ្វើ ឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

...

ការបង្ក្រាបទាន់ពេលវេលានេះទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មហាជនជាច្រើនបានសម្តែងការក្តៅក្រហាយ និងចោទសួរត្រង់ៗទៅកាន់ក្រុមឈ្មួញខិលខូចថា៖ «តើមានមនសិការជាជនជាតិខ្មែរដែរឬទេ?» ដែលហ៊ានលួចនាំចូលទំនិញខុសច្បាប់ និងគ្មានអនាម័យ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន យកមកឱ្យបងប្អូនជាតិសាសន៍ឯងបរិភោគបែបនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print