ខេត្តកំពត៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្រប សម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ ដឹកនាំដោយអនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖១.ឈ្មោះ លឹម សម្បត្តិហៅស្វិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត,២.ឈ្មោះ ស្មាច់ ចែម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតនិង៣.ឈ្មោះ គឹម ឌុន ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
+ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៣កញ្ចប់(តូច)ទម្ងន់១,២១ក្រាម, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ម៉ូតូចំនួន០២គ្រឿង, ឧបករណ៍ជក់គ្រឿងញៀនមួយសម្រាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនកម្លាំងការិយាល័យជំនាញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










