ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវ ជាប្រភពចំណូលដ៏ចម្បងរបស់ប្រជាកសិករ ខេត្ដបន្ទាយមានជ័យ ព្រោះដំណាំស្រូវ ជាជង្រុកទ្រទ្រុងសេដ្ឋកិច្ច ជីវភាព គ្រួសារ និងសង្គមនាពេលបច្ចុប្បន្ន ។
លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមាន ជ័យ បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលសាលារៀនស្រែកសិករ ស្ដីពីបច្ចេកទេសផលិតកម្មស្រូវបន្សាំ នឹងអាកាសធាតុ ស្របតាមកម្មវិធីផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (SRP) កាលពីម្សិលមិញ ខែកក្កដា ឆ្នាំ២០២៦ មកនេះ នៅភូមិចែង ឃុំទ្រាស ស្រុកស្វាយចេក។
លោក រុន សុផាន់ណារ៉ា បានបញ្ជាក់យ៉ាងច្បាស់ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ដែលជាប្រភពចំណូលចម្បងរបស់ប្រជាកសិករ។ លោកអនុប្រធានមន្ទីរបានលើកឡើងថា ការផ្លាស់ប្តូរទម្លាប់ធ្វើស្រែបែបបុរាណ មកអនុវត្តបច្ចេកទេសទំនើបបន្សាំនឹងអាកាសធាតុ ស្របតាមស្តង់ដារស្រូវប្រកប ដោយនិរន្តរភាព (Sustaina ble Rice Platform – SRP) គឺជាកត្តាចាំបាច់បំផុតនាពេលបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ដាស់តឿន និងជំរុញយ៉ាងទទូចថា ការអនុវត្តបច្ចេកទេស SRP មិនត្រឹមតែជួយឱ្យដំណាំស្រូវរបស់យើងមានភាពធន់នឹងការប្រែប្រួលធាតុអាកាស ដូចជាគ្រោះរាំងស្ងួត ឬទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្មលើសកម្រិត ដែលនាំឱ្យកសិករចំណេ ញថវិកាច្រើន ព្រមទាំងទទួលបានទិន្នផលខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងស្របតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេ សទៀតផង។
លោកបន្ថែមថា វគ្គបណ្តុះបណ្តាលសាលា រៀនស្រែកសិករនេះ គឺជាវេទិកាសិក្សាអនុវត្តជាក់ស្តែងនៅនឹងវាលស្រែ ដែលធ្វើឱ្យកសិករងាយយល់ ងាយចាប់បាន និងអាចយកទៅប្រកបមុខរបរបង្កបង្កើនផលបានភ្លាមៗ។
ទន្ទឹមនឹងនេះ ប្រជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល បានសម្តែងនូវក្តីរំភើប និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះចំណេះដឹងថ្មីៗទាំង នេះ។ តំណាងកសិករចូលរួមបានលើកឡើងដោយក្តីរីករាយថា កន្លងមកពួកគាត់តែងតែជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាការប្រែប្រួលធាតុអាកាសមិនទៀងទាត់ សត្វល្អិតបំផ្លាញ និងការចំណាយដើមទុនខ្ពស់លើជីនិងថ្នាំគីមី។ ប៉ុន្តែបន្ទាប់ពីបានទទួលការតម្រង់ទិស និងបណ្តុះបណ្តាលបច្ចេកទេសSRPនេះ ពួកគាត់បាន យល់ដឹងច្បាស់ពីវិធីសាស្ត្ររៀបចំដី ការជ្រើសរើសពូជ ការគ្រប់គ្រងទឹក និងការប្រើប្រាស់ធាតុចូលកសិកម្មឱ្យចំគោលដៅ។ កសិករបានប្តេជ្ញាចិត្តថា នឹងនាំយកចំណេះដឹងទាំងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅលើក្បាលដីរបស់ខ្លួន និងចែករំលែកបន្តដល់កសិករដទៃ ទៀតក្នុងភូមិឃុំ ដើម្បីរួមគ្នាស្តារ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពី លោក សែ សាត ទីប្រឹក្សាគម្រោង PCRL ថ្នាក់ខេត្ត មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងជាមន្ត្រីបង្គោលគម្រោង ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ និងប្រជាកសិករ សរុបចំនួន ៤០នាក់ (ក្នុងនោះមានស្ត្រីចំនួន ២១នាក់)។
វគ្គបណ្ដុះបណ្ដាលនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានសមត្ថភាពកសិករមូលដ្ឋានឱ្យកាន់តែរឹងមាំ ក្នុងការអនុវត្តបច្ចេក ទេសផលិតកម្មស្រូវប្រកបដោយនិរន្តរភាព និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅ នឹងការ ប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងទៅអនាគត ៕












