ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបន្តបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។

ករណីដែលបានបង្ក្រាបរួមមាន ករណីអំពើលួច លួចសម្ភារៈ, ករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយលួចកាត់ខ្សែភ្លើង និងលួចសម្ភារៈ, ករណីកាន់កាប់ និងរក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ជាមួយការធ្វើទារុណ្ឌកម្មជំរិតទារប្រាក់ ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ទាំងជនជាតិខ្មែរ និងជនបរទេស ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមាន ដាវកែច្នៃ រថយន្ត ម៉ូតូ ទូរស័ព្ទដៃ ខ្សែភ្លើង និងសម្ភារផ្សេងៗដែលជាឧបករណ៍ប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ។ ក្នុងករណីចាប់ជំរិត សមត្ថកិច្ចបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីសង្គ្រោះជនរងគ្រោះបាន និងបន្តស្រាវជ្រាវចាប់ខ្លួនបក្ខពួកជនសង្ស័យបន្ថែម ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឱ្យបានល្អប្រសើរជានិច្ច ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print