ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃរបស់ លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ឈ្មោះ វ៉ាន់ ភត្ត្រា ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣ ស្ថិតនៅក្នុងភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក អភិបាលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងបានកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឈួន យេ ដែលបានបង្កើត និងអប់រំបណ្តុះបណ្តាលកូនប្រុស ឱ្យក្លាយជាយុទ្ធជនក្លាហាន បម្រើជាតិ មាតុភូមិ និងប្រជាជននៅជួរមុខ។ លោកបន្ថែមថា ការបាត់បង់ លោក ឈួន យេ គឺជាការបាត់បង់នូវលោកឪពុកដ៏ប្រពៃ និងជាទីគោរពស្រឡាញ់របស់គ្រួសារ។
ក្នុងនាមរដ្ឋបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ លោក ឈួន យេ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនោះ លោកអភិបាលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ ក៏បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន ៖ ថវិកាសរុបចំនួន ៣.១០០.០០០៛ (បីលានដប់មុឺនរៀល ) ក្នុងនោះ រដ្ឋបាលខេត្តថវិកាចំនួន ២លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២០ម៉ឺនរៀល រដ្ឋបាលស្រុកកោះញែកថវិកាចំនួន ៤០ម៉ឺនរៀល រួមទាំងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកចំនួន ៥០ម៉ឺនរៀល និងអង្ករ ៤បេ, ទឹកសុទ្ធ ២០យួរ , ទឹកសុទ្ធកម្ពុជា ៤កេះ , មីជាតិ ២កេះ , ទឹកត្រី ២យួរ , ទឹកស៊ីអ៊ីវ ២យួរ , ត្រីខ ១យួរ ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងពិធីបុណ្យសពផងដែរ៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្ត










