អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពី «វឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានហ្វីលីពីនប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា៖ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមរំលឹកជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

 

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការពារជាតិរៀបចំការដំឡើងស័ក្តិ និងរៀបចំមេដាយពិសេសជូនដល់វីរកងទ័ព វីរកងនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានចូលរួមប្រយុទ្ធ៥ថ្ងៃ និង២១ថ្ងៃ នាពេលកន្លងទៅ បើទោះបីជាពួកគេទើបតែចូលបម្រើក្នុងជួរកងកម្លាំងក៏ដោយ។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសលើកលែងទាំងស្រុងនូវពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។ ការផ្តល់ជូនជាពិសេសនេះ គឺជាការលើកទឹកចិត្តនិងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ។

 

ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការចែកបណ្ណកម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ក៏ជាផ្នែកមួយនៃការពង្រឹងការការពារជាតិដែរ តាមរយៈការជួយជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីដែលបានពួតដៃគ្នាគាំទ្រដល់វីរយុទ្ធជននៅជួរមុខ និងបានប្រកាសថា ទឹកចិត្តជាតិនិយមរបស់ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន កំពុងពង្រឹងសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានទឹកដី។

 

ទី២៖ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពី «វឌ្ឍនភាពនៃការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT-KH)ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន(HOM AOT)ហ្វីលីពីនប្រចាំកម្ពុជា។ បទបង្ហាញនេះធ្វើឡើងនៅខេត្តសៀមរាបក្នុងគោលបំណងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយពឹងផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ។ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានពន្យល់ពីដំណើរការការវាស់វែង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរកាលពីពេលកន្លងមក។ ប៉ុន្តែ ដំណើរការវាស់វែងនិងការ បោះបង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ(JSTs)នៃភាគីទាំងពីរត្រូវបានអាក់ខាននិងជាប់គាំងទាំងស្រុង ដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារនិងឈ្លានពានទឹកដីកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយបានបន្តកាន់កាប់ដោយខុសច្បាប់រហូតដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកក៏ដោយ។

 

តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានរំលឹកពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និងជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

 

ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ដល់លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាតឱ្យលោក Thomas Andrews ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

 

អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនាដោយផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ។

...

 

សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេសសរសេររបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្ត សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការងារក្នុងស្មារតីស្ថាបនា៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print