ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាចោរលួចខ្សែភ្លើងម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី។
នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្ដីរាយការណ៍ពីជនរងគ្រោះឈ្មោះ ផា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ថាមានករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តនៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាពគាស់ពិតានចូលលួចកាត់ខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន ហើយត្រូវជនរងគ្រោះឃាត់ខ្លួនបានចំនួន០១នាក់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះហើយ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់ឱ្យកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន បញ្ញា ហៅសំណាង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.កំណាត់ខ្សែភ្លើងចំនួន០៥ដុំ(ប្រគល់ជូនជនរងគ្រោះវិញ), ២.កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៣.ដង្កាប់ ចំនួន០៤ដើម, ៤.ម៉ាឡេត ចំនួន០១ដើម, ៥.ទួណឺវីស ចំនួន០២ដើម, ៦.ដែកកែច្នៃ ចំនួន០៣ដើម ហើយនាំមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យរកសារធាតុញៀនឃើញវិជ្ជមាន (+)។ ចំណែកបក្ខពួកចំនួន០២នាក់ទៀតបានរត់គេចខ្លួន។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក២នាក់ទៀតពិតជាបានគាស់ពិតានផ្ទះចូលលួចកាត់យកខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់គេចខ្លួនកម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា










