ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ៧មករា កាលពីថ្ងៃម្សិលមិញបានបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមអគារខុនដូ ក្នុងមូលដ្ឋាន ដើម្បីតាមឃ្លាំមើល និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដោយបានចុះត្រួតពិនិត្យទីតាំងអគារខុនដូផ្តល់ការស្នាក់នៅចំនួន២ទីតាំង ស្ថិតតាមបណ្តោយផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា ការចុះរដ្ឋបាលកន្លងមក និងបន្តអនុវត្តនាពេលនេះ បានធ្វើឲ្យក្រុមឧក្រិដ្ឋជនមានការភ័យខ្លាចចំពោះវិធានការម៉ឺងម៉ាត់របស់អាជ្ញាធរ ទោះបីជាការត្រួតពិនិត្យនៅទីតាំងខ្លះ មិនទាន់រកឃើញបទល្មើស Online Scams ក៏ដោយ។
យោងតាមច្បាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បណ្តាម្ចាស់ទីតាំងជួលស្នាក់នៅ ដែលចូលរួមផ្តល់ទីតាំងឲ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស នឹងត្រូវទទួលការពិន័យជាប្រាក់៤លានរៀល សម្រាប់ជនល្មើសម្នាក់ មិនទាន់រាប់បញ្ចូលទោសទណ្ឌតាមផ្លូវច្បាប់ផ្សេងទៀតឡើយ៕
ដោយ៖ ជ្រោយពេជ្រ










