កាលពីថ្ងៃទី២៥ ខែកញ្ញា ជប៉ុនបានចេញបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់យន្តហោះចម្បាំងរបស់ចិន ក្រោយពេលបានប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រ ជម្លោះកោះ Kiyako និង Okinawa របស់ជប៉ុន។ ទីក្រុងប៉េកាំងបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ខ្លួនជាង ៤០គ្រឿង បានទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក។
កម្លាំងទាហានជប៉ុនបានប្រកាសឲ្យដឹងថា ការសម្រេចបញ្ជារឲ្យយន្តហោះចម្បាំងជប៉ុន ហោះហើរនោះក្រោយប្រទះឃើញយន្តហោះចម្បាំងរបស់ចិន៨គ្រឿង ក្នុងនោះមានយន្តហោះទមា្លក់គ្រាប់៤គ្រឿង យន្តហោះស៊ើបអង្កេត ២គ្រឿង និងយន្តហោះចម្បាំង២គ្រឿង ហោះហើរចូលក្នុងដែនអាកាសជប៉ុន។ កម្លាំងទាហានអាកាសជប៉ុនបានឲ្យដឹងថា យន្តហោះទាំងនោះត្រូវបានវិលត្រឡប់ទៅកាន់ដែនសមុទ្រភាគខាងកើតវិញដោយមិនចូលបំពានដែនអាកាសជប៉ុនឡើយ។ មន្ត្រីការពារជាតិជប៉ុនបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលយន្តហោះចិន ហោះចូលក្នុងតំបន់នេះ។
តាមការប្រកាសរបស់កម្លាំងទាហានចិន យន្តហោះទាំងនោះត្រូវបានបញ្ជូនទៅកាន់ភាគខាងលិខសមុទ្រប៉ាស៊ីហ្វិក ចូលរួមធ្វើសមយុទ្ធ យ៉ាមល្បាត សហការនិងចាក់សាំងនៅលើអាកាស ។ ទាំងនោះគឺជាការខិតខំរបស់ទីក្រុងប៉េកាំងដើម្បីបញ្ជាក់ពីសិទ្ធគ្រប់គ្រងរបស់ខ្លួននៅក្នុងសមុទ្រចិនភាគខាងកើត ក្រោយពេលចិនបានប្រកាសបង្កើនតំបន់ការពារដែនអាកាស ADIZ ដែលបានបង្កើតឡើងកាលពីពីរឆ្នាំមុន។
តំបន់ ADIZ មានន័យថា រាល់យន្តហោះណាដែលបានឆ្លងកាត់តំបន់ខាងលើចាំបាច់ត្រូវតែផ្តល់ដំណឹងឲ្យភាគីចិនដឹងជាមុន។ សកម្មភាពនោះបានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង ក្នុងនោះមានជប៉ុន ដែលចាត់ទុកថានេះជាសកម្មភាពពង្រីកអំណាចរបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទំនាក់ទំនងរវាងចិន និងជប៉ុន កាន់តែតានតឹងខ្លាំងឡើង ដោយសារតែវិវាទប្រជុំកោះសែនកាគូ នៅសមុទ្រចិនភាគខាងកើត។ មិនត្រឹមតែប៉ុណ្ណោះជប៉ុនបានចូលរួមនៅក្នុងវិវាទដែលសមុទ្រចិនភាគខាងត្បូងដោយបានបញ្ជូនកម្លាំងមកយ៉ាមល្បាតជាមួយអាមេរិកនៅទីនោះ។
ដូច្នេះសមុទ្រអាស៊ីប៉ាស៊ីហ្វិកខាងត្បូងជា តំបន់សមុទ្រយុទ្ធសាស្ត្រ និងសំខាន់បំផុត បណ្តាលឲ្យមានសង្គ្រាមដណ្តើមគ្នា។ ក្នុងប្រវត្តិសាស្ត្រ៧០ឆ្នាំកន្លងមកតំបន់សមុទ្រនេះ មានសង្គ្រាមដណ្តើមគ្នាកើតឡើង ហើយពេលបច្ចុប្បន្នក៏មិនអាចផ្លាស់ប្តូរនោះដែរ។
ការណ៍ដែលជប៉ុនបានសម្រេចចូលរួមនៅក្នុងភូមិសាស្ត្រសមុទ្រចិនភាគខាងត្បូង គឺជាសកម្មភាពឯកតោភាគីឬក៏ជាការស្នើ របស់អាមេរិក? ប៉ុន្តែបំណងយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងត្រូវបានថ្នាក់ដឹកនាំជប៉ុនលើកឡើងជាយូរណាស់មកហើយតាំងពីមុនពេលលោកស្រី Tomomi Inada ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិមកម្ល៉េះ។
បច្ចុប្បន្នសង្គ្រាមអាមេរិក-ចិន នៅសមុទ្រចិនភាគខាងត្បូងមិនទាន់ផ្ទុះឡើង ដោយសារតែប្រទេសទាំងពីរសុទ្ធតែជាប្រទេសមហាអំណាចបរមាណូ។ ប្រទេសទាំងពីរបានយល់យ៉ាងច្បាស់ពីការខាតបង់នៃសង្គ្រាម ហើយខិតខំបញ្ចៀស។ ពេលនេះបើមានការប៉ះទង្គិចគ្នាកើតឡើងតិចតួចក្តីក៏អាចក្លាយទៅជារឿងធំបោរដែរ។ ទាំងនោះហើយបានជាអាមេរិក-ចិន ខិតខំបង្កើនប្រព័ន្ធទំនាក់ទំនងក្នុងគោលដៅបញ្ចៀសការប៉ះទង្គិចគ្នាកើតឡើងជាយថាហេតុ។
ជាមួយនឹងយុទ្ធសាស្ត្រឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក របស់អាមេរិក ចិនក៏បានបង្កើនកម្លាំងនៅសមុទ្រចិនភាគខាងត្បូងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅទីនោះ។ ស្ថានភាពប្រឈមមុខដាក់គ្នារវាងអាមេរិក-ចិន នាពេលនេះធ្វើឲ្យមនុស្សជាច្រើនយល់ថា សង្គ្រាមចិនអាមេរិកនៅសមុទ្រចិនភាគខាងត្បូងពិបាកគេចផុត អាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។
ចំណែកជប៉ុន និងចិន នាពេលនេះក៏មានវិវាទនៅដែនសមុទ្រចិនភាគខាងកើត ហើយការដែលជប៉ុនចូលរួមនៅក្នុងសមុទ្រចិនភាគខាងត្បូងនោះគឺដើម្បីយកឈ្នះទាំងស្រុងពេលមានសង្គ្រាមកើតឡើងដោយជប៉ុនមិនចង់ឲ្យសង្គ្រាមកើតឡើងនៅក្បែរផ្ទះរបស់ខ្លួនឡើយ។
មួយវិញទៀតជប៉ុនចង់បង្ហាញឲ្យពិភពលោកបានដឹងថា ពេលនេះជប៉ុនបានវិលត្រឡប់ទៅធ្វើជាម្ចាស់នៅលើដែនសមុទ្រទៀតហើយ បើទោះស្ថិតនៅក្រោមអាមេរិកក្តី៕
ប្រែសម្រួល៖ ម៉ែវ សាធី