សារព័ត៌មាន Anadolu អាជ្ញាធរប្រចាំតំបន់ នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា មនុស្សសរុប៤នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទាហានរុស្ស៉ីម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងភូមិមួយកន្លែងក្បែរទីក្រុង Sevastopol ក្នុងតំបន់គ្រីមៀ។
អភិបាលទីក្រុង Sevastopol លោក Mikhail Razvozhayev បាននិយាយថា ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅក្នុងភូមិ Khmelnytske ជាទីដែលទាហានម្នាក់ បានបាញ់ប្រហារលើទាហានដទៃទៀត។ អំឡុងការបាញ់ប្រហារដំបូងនោះ ទាហានម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស។ បន្ទាប់មក ជនដៃដល់រូបនោះ ត្រូវបានអះអាងថា បាញ់ឱ្យរបួសជនស៉ីវិល៣នាក់ និងស្លាប់៣នាក់ផ្សេងទៀត ក្នុងនោះរួមមានបុរស២នាក់ អាយុ៧១ឆ្នាំ និង៥៩ឆ្នាំ និងស្រ្តីម្នាក់អាយុ៦៤ឆ្នាំ។
បើតាមលោក Razvozhayev ទាហានជាខ្មាន់កាំភ្លើងម្នាក់នោះ ត្រូវបានចាប់ខ្លួនហើយ ខណៈមូលហេតុដែលអាចនៅពីក្រោយករណីបាញ់ប្រហារ គឺមិនទាន់ដឹងច្បាស់នៅឡើយ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងនៅតំបន់ឧបទ្វីបគ្រីមៀ ដែលស្ថិតក្រោមការត្រួតត្រារបស់ប្រទេសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៤ ជាទង្វើមួយដែលត្រូវបានចាត់ទុកថាខុសច្បាប់ ដោយអ៊ុយក្រែននិងសហគមន៍អន្តរជាតិភាគច្រើន៕

រូបថត:RIA









