ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ នៅខេត្តសៀមរាបសម្ដេចធិបតី បានចាត់ទុក កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដ៏បើកចំហរ និងត្រង់ទៅត្រង់មកជុំវិញបញ្ហាមុខងារសាធារណៈដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម។
នាឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។
សម្ដេចធិបតី បានថ្លែងថា ប្រទេសកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាប្រធានប្ដូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នាពេលនេះ។
សម្ដេចធិបតី បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្ដិភាព។
ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា បន្ទាប់ពីស្ថាប័នជាតិស្ទើតែត្រូវបានបំផ្លាញទាំងស្រុងក្នុងសម័យខ្មែរក្រហម កម្ពុជាបានចាប់ផ្ដើមកសាងប្រទេសឡើងវិញពីបាតដៃទទេនៅក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរយៈការប្រមូលផ្ដុំធនធានមនុស្ស និងបញ្ញវន្តដែលនៅរស់រានមានជីវិត។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះដែរ ក៏បានអញ្ជើញជួបជាមួយគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន (ថ្នាក់រដ្ឋមន្ត្រី) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប៕
ដោយ៖តារា










